មនុស្សជាច្រើននាក់រងរបួសក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើទីក្រុងតែលអាវីវ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់បានវាយប្រហារទីក្រុងតេលអាវីវ កាលពីថ្ងៃអង្គារ ដោយបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស បំផ្លាញអគារ និងយានយន្ត។
សំឡេងផ្ទុះខ្លាំងៗត្រូវបានគេឮពាសពេញទីក្រុង ដោយសាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ថា មានផ្សែងហុយចេញពីតំបន់ភាគខាងជើង និងភាគខាងត្បូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេស។
វិទ្យុកងទ័ពអ៊ីស្រាអែលបានដកស្រង់សម្តីរបស់មន្ត្រីសន្តិសុខថា នេះហាក់ដូចជាមីស៊ីលប្រភេទចង្កោមដែលមានគ្រាប់បែកតូចៗជាច្រើនគ្រាប់ ដែលគ្រាប់នីមួយៗមានទម្ងន់ប្រហែល ១០០គីឡូក្រាម ដោយគ្រាប់បែកតូចៗ ឬបំណែករបស់វាបានប៉ះពាល់ដល់កន្លែងជាច្រើន។
នៅចំណុចផ្ទុះមួយនៅភាគខាងជើងទីក្រុងតេលអាវីវ មីស៊ីលមួយគ្រាប់បានវាយប្រហារអគារនានា ដែលបណ្តាលឱ្យមានសំឡេងផ្ទុះដ៏ខ្លាំងក្លាបានបំផ្លាញអគារចំនួនបីយ៉ាងធ្ងន់ធ្ងរ លោក មីគី ដាវីដ (Miki David) មេបញ្ជាការក្រុងតេលអាវីវនៅក្នុងបញ្ជាការជួរមុខផ្ទៃក្នុង បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុ។ លោកបាននិយាយថា ទីជម្រកនៅក្នុងអគារទាំងនោះនៅតែដដែល ហើយអ្នកដែលនៅខាងក្នុងមិនមានរបួសទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបាននិយាយថា ក្រុមស្វែងរក និងជួយសង្គ្រោះកំពុងប្រតិបត្តិការនៅ «កន្លែងជាច្រើន» ក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីផលប៉ះពាល់ត្រូវបានរាយការណ៍។
ការវាយប្រហារនេះបានកើតឡើងនៅពេលដែលជម្លោះក្នុងតំបន់បានចូលដល់ថ្ងៃទី២៥ ដោយភាពតានតឹងនៅតែខ្ពស់ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អះអាងថាមានការចរចាកំពុងបន្តក៏ដោយ ខណៈពេលដែលអ៊ីរ៉ង់បានច្រានចោលថាជា «ព័ត៌មានក្លែងក្លាយ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





