ចិនសន្យាថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយកេនយ៉ា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ អនុប្រធានាធិបតីចិន លោក ហាន់ ហ្សេង (Han Zheng) បានចូលរួមក្នុងវេទិកាពាណិជ្ជកម្មចិន-កេនយ៉ា នៅទីក្រុងណៃរ៉ូប៊ី ជាកន្លែងដែលលោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ចិនក្នុងការពង្រីកពាណិជ្ជកម្មជាមួយប្រទេសកេនយ៉ា និងតំបន់អាហ្វ្រិកដ៏ធំទូលាយ។
លោក ហាន់ បាននិយាយថា កាលពីខែមេសា ឆ្នាំមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីកេនយ៉ា លោក វីល្លាម រូតូ (William Ruto) បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាសហគមន៍ចិន-កេនយ៉ា ដែលមានអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី ដោយកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរយៈពេលវែង។
លោក ហាន ក៏បានជួបពិភាក្សាជាមួយអនុប្រធានាធិបតីកេនយ៉ា លោក គីធួរ គីនឌីគី (Kithure Kindiki) ផងដែរ។ លោកបាននិយាយថា ប្រទេសចិនគាំទ្រប្រទេសកេនយ៉ាក្នុងការបន្តផ្លូវអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងស្វាគមន៍ប្រទេសកេនយ៉ាឱ្យប្រើប្រាស់វិធានការសម្របសម្រួលពាណិជ្ជកម្មយ៉ាងពេញលេញ ដើម្បីជំរុញការនាំចេញផលិតផលដែលមានគុណភាពខ្ពស់ និងប្លែកទៅកាន់ប្រទេសចិន ដោយទាញយកអត្ថប្រយោជន៍ដ៏ធំទូលាយពីទីផ្សារចិន។
លោក គីនឌីគី បានមានប្រសាសន៍ថា ប្រទេសចិនគឺជាដៃគូ និងជាមិត្តល្អរបស់ប្រទេសកេនយ៉ា ដោយលោកបានកត់សម្គាល់ថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសចិនបានលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងបានបង្កើតឱកាសសំខាន់ៗសម្រាប់ប្រទេសកេនយ៉ា។
លោក គីនឌីគី បានបន្ថែមថា ប្រទេសកេនយ៉ាមានឆន្ទៈក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញពីគោលនយោបាយពន្ធសូន្យ ដើម្បីពង្រីកការនាំចេញទៅកាន់ប្រទេសចិន លើកកម្ពស់ពាណិជ្ជកម្មដែលមានតុល្យភាព បង្កើនការផ្លាស់ប្តូរបច្ចេកវិទ្យា និងដាក់ខ្លួនជាច្រកទ្វារសម្រាប់ប្រទេសចិនទៅកាន់ទីផ្សារអាហ្វ្រិកដ៏ទូលំទូលាយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





