អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពាវនាវឱ្យបញ្ចប់ការវាយប្រហារខុសច្បាប់រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- យោងតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អានដ្រេយ រូដេនកូ (Andrei Rudenko) បាននិយាយកាលពីថ្ងៃចន្ទថា ស្ថានភាពនៅក្នុងច្រកសមុទ្រ Hormuz នឹងមានស្ថិរភាពលុះត្រាតែជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានបញ្ចប់។
លោក រូដេនកូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅវេទិកា «រុស្ស៊ីនិងឥណ្ឌាឆ្ពោះទៅរករបៀបវារៈទ្វេភាគីថ្មី» ថា «យើងបានអំពាវនាវឱ្យបញ្ចប់ជម្លោះទាំងមូលនេះ ជាដំបូង និងសំខាន់បំផុតគឺការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់»។
«អ្វីដែលកំពុងកើតឡើងនៅក្នុងច្រកសមុទ្រ Hormuz គឺជាផលវិបាកដោយផ្ទាល់នៃទង្វើខុសច្បាប់នេះ។ នៅពេលដែលសង្គ្រាមត្រូវបានបញ្ឈប់ខ្ញុំជឿថាស្ថានភាពនៅក្នុងច្រកសមុទ្រ Hormuz នឹងមានលក្ខណៈធម្មតាវិញ»។
ដោយធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ទាក់ទងនឹងផែនការវាយប្រហាររោងចក្រថាមពលរបស់អ៊ីរ៉ង់ លោក រូដេនកូ បាននិយាយថា «ខ្ញុំរំពឹងថារោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នឹងមិនត្រូវបានបញ្ចូលក្នុងបញ្ជីគោលដៅទាំងនេះទេ ព្រោះផលវិបាកនឹងគ្រាន់តែជាគ្រោះមហន្តរាយសម្រាប់មនុស្សគ្រប់គ្នា»។
យោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានឱ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr គឺជារោងចក្រប្រតិបត្តិការដែលមានផ្ទុកសម្ភារៈនុយក្លេអ៊ែររាប់ពាន់គីឡូក្រាម។ ការវាយប្រហារដោយផ្ទាល់ទៅលើរោងចក្រអាចបណ្តាលឱ្យមានការបញ្ចេញវិទ្យុសកម្មខ្ពស់ដល់បរិស្ថាន។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកនឹងបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ជាច្រើន ប្រសិនបើច្រកសមុទ្រ Hormuz មិនត្រូវបានបើកឱ្យធ្វើនាវាចរណ៍តាមសមុទ្រពេញលេញក្នុងរយៈពេល ៤៨ម៉ោង។
នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្អាកការវាយប្រហារលើទ្រព្យសម្បត្តិថាមពលរបស់អ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចា «ប្រកបដោយផ្លែផ្កា»ជាមួយទីក្រុងតេអេរ៉ង់។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ប្រទេសទាំងពីរបានធ្វើការវាយប្រហារតាមអាកាសចំនួន ២លើកលើរោងចក្រនុយក្លេអ៊ែរNatanz នៅថ្ងៃទី១ ខែមីនា បានវាយប្រហារអគារមួយនៅក្នុងបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅថ្ងៃទី១៧ ខែមីនា និងបានបើកការវាយប្រហារមួយផ្សេងទៀតលើរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម Natanz នៅថ្ងៃទី២១ ខែមីនា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





