រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនមានប្រាក់ច្រើនដើម្បីផ្តល់មូលនិធិដល់សង្គ្រាមអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- លោក ស្កុតត៍ បេស្សេនត៍ (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានប្រាក់ច្រើន ដើម្បីផ្តល់មូលនិធិដល់សង្គ្រាមដែលកំពុងបន្តរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត័មាន NBC News កាលពីថ្ងៃអាទិត្យ លោក បេស្សេនត៍ បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនមានគម្រោងដំឡើងពន្ធដើម្បីគ្របដណ្តប់លើសំណើចំនួន ២០០ប៊ីលានដុល្លារអាម៉េរិករបស់មន្ទីរបញ្ចកោណសម្រាប់ផ្តល់មូលនិធិដល់សង្គ្រាមនៅអ៊ីរ៉ង់នោះទេ។
លោករដ្ឋមន្ត្រីបាននិយាយថា «ហេតុអ្វីបានជាយើង (ដំឡើងពន្ធ)? យើងមានច្រើន។ យើងមានថវិកាមួយទ្រីលានដុល្លារនៅក្នុងថវិកាឆ្នាំនេះសម្រាប់យោធា»។
លោក បេស្សេនត៍ បាននិយាយថា «តាមពិតទៅ ឥឡូវនេះយើងមានប្រាក់ច្រើនដើម្បីផ្តល់មូលនិធិដល់សង្គ្រាមនេះ។ នេះជាអ្វីដែលយើងកំពុងធ្វើ- នេះគឺជាប្រាក់បន្ថែម» ដោយមិនបានពន្យល់លម្អិតអំពីប្រភពនៃមូលនិធិនោះទេ។
លោកប្រធានាធិបតី ត្រាំ បានកសាងយោធា ដូចដែលលោកបានធ្វើនៅក្នុងអាណត្តិទីមួយរបស់ខ្លួន ហើយដូចដែលលោកកំពុងធ្វើនៅក្នុងអាណត្តិទីពីររបស់ខ្លួនដែរ ហើយលោកចង់ធ្វើឱ្យប្រាកដថា យោធាត្រូវតែត្រូវបានផ្គត់ផ្គង់យ៉ាងល្អនៅពេលអនាគត។
លោក បេស្សេនត៍ ក៏បានការពារការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ផងដែរ ដោយបាននិយាយថា «ពេលខ្លះ អ្នកត្រូវតែបង្កើនភាពតានតឹងដើម្បីបន្ថយភាពតានតឹង» ដោយនិយាយថាការវាយប្រហារទាំងនេះ គឺជាភាសាតែមួយគត់ដែលជនជាតិអ៊ីរ៉ង់យល់។
ការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៣០០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) ផងដែរ។
អ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានីអ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលមានទ្រព្យសម្បត្តិយោធាអាម៉េរិកដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលរំខានដល់ទីផ្សារ និងអាកាសចរណ៍សកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





