ក្រសួងមហាផ្ទៃនិងស្ថានទូតសាធារណរដ្ឋកូរ៉េប្រកួតកីឡាវាយកូនគោល បង្កើនការរិតចំណងសាមគ្គីភាព និងមិត្តភាព
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦--ក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភាគីនៃស្ថានទូតសាធារណរដ្ឋកូរ៉េដឹកនាំដោយ ឯកឧត្តម គឹម ឆាំងយុង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ បានរៀបចំការប្រកួតកីឡាវាយកូនគោលមិត្តភាពនៅលើទីលានកីឡាវាយកូនគោលឈុន អូន ហ្គោលរីហ្សត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានលើកឡើងថា តាមកម្មវិធីដែលបានគ្រោងទុក ការប្រកួតនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីកីឡាករកម្ពុជាចំនួន២១ រូប ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកីឡាករកូរ៉េ ២១រូបដឹកនាំដោយឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានមកជួបជុំគ្នានៅលើទីលានតែមួយ ដើម្បីត្រៀមប្រកួតជាមួយគ្នាប្រកបដោយមិត្តភាព និងភាពរីករាយ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់បន្ថែមទៀតថា កម្មវិធីប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលរៀបចំរួមគ្នាឡើងមកនេះ ជាការពិតណាស់ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដោយមិនត្រឹមតែជាការប្រកួតកីឡានោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពដែលបង្ហាញអំពីការពង្រឹងចំណងមិត្តភាព ទំនាក់ទំនងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យយ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរ ទាំងបច្ចុប្បន្ន និងអនាគត។

ការប្រកួតកីឡាកូនគោលមិត្តភាពនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងចំណងមិត្តភាព ព្រមទាំងលើកកម្ពស់សុខភាពឱ្យកាន់តែល្អប្រសើរ និងជាការបណ្ដុះនូវស្មារតីរឹងមាំរបស់កីឡាករគ្រប់រូបផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា យើងទាំងអស់គ្នាពិតជាបានដឹងហើយថា ទាំងក្នុងពេលអតីតកាល បច្ចុប្បន្ន និងក៏ដូចថ្ងៃអនាគត ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិយ៉ាងល្អប្រសើរលើគ្រប់វិស័យ ទាំងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងវិស័យផ្សេងទៀតជាច្រើន ជាពិសេសវិស័យសន្តិសុខ ដែលជាការងារស្នូលដ៏សំខាន់នៃស្ថិរភាពជាតិ និងសុខសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងចីរភាព។
ឯកឧត្តមអភិសន្តិបណ្ឌិតមានជំនឿថាកម្មវិធីប្រកួតកីឡាវាយកូនគោលមិត្តភាពនៅថ្ងៃនេះនឹងបង្កើនកិច្ចសហកាគ្នាកាន់តែល្អរឹងមាំលើគ្រប់វិស័យ ហើយការប្រកួតដ៏រីករាយនេះនឹងក្លាយជាការចងចាំ និងអនុស្សាវរីយ៍ដ៏ល្អសម្រាប់មន្រ្តីនៃប្រទេសទាំងពីរផងដែរ៕
ដោយ ហេង ណាលីន





