លោក ពូទីន និងប្រធានាធិបតីបេឡារុស្ស ពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហាសកលលោក និងកិច្ចសហប្រតិបត្តិការទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ -- សេវាសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និងប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺរ លូកាសេនកូ (Alexander Lukashenko) បានធ្វើការសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «លោកប្រធានាធិបតី វ្ល៉ាឌីមៀរពូទីន នៃប្រទេសរុស្ស៊ី និងលោកប្រធានាធិបតី អាឡិចសាន់ដឺរ លូកាសេនកូនៃប្រទេសបេឡារុស្ស បានធ្វើការសន្ទនាតាមទូរស័ព្ទ។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ និងបញ្ហាអន្តរជាតិសំខាន់ៗ»។
យោងតាមទីភ្នាក់ងារសារព័ត៌មាន BelTA របស់បេឡារុស្ស បានឱ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាទៅលើការអនុវត្តគម្រោងរួមគ្នា និងបានសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បីធានាថាការសម្រេចចិត្តដែលធ្វើឡើងដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសហភាពរុស្ស៊ី និងបេឡារុស្ស ត្រូវបានអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





