ហ្វីលីពីនប្រឈមនឹងហានិភ័យនៃការខ្វះខាតទឹក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ -- លោក ជូន មីហ្គែល គូណា (Juan Miguel Cuna) រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងធនធានធម្មជាតិហ្វីលីពីន(DENR) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសនេះកំពុងប្រឈមនឹងហានិភ័យនៃ «ការក្ស័យធនទឹក» ខណៈដែលតម្រូវការនៅតែបន្តលើសពីការបំពេញបន្ថែមធម្មជាតិ។
ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានហ្វីលីពីននៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងពេលព្រឹត្តិការណ៍ទិវាទឹកពិភពលោកឆ្នាំ២០២៦ នៅទីក្រុងម៉ានីល លោក គូណា បានលើកឡើងពីការអំពាវនាវឱ្យអភិរក្សទឹក ខណៈដែលរដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាគម្លាតទឹក។
លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ដែលបាននិយាយថា «យើងកំពុងដោះស្រាយបញ្ហាប្រឈមនេះជាមួយនឹងវិទ្យាសាស្ត្រ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រច្បាស់លាស់។ ថ្ងៃនេះ យើងកំពុងចែករំលែកជាមួយអ្នកនូវអ្វីដែលយើងបានធ្វើ លទ្ធផលនៃការវិនិយោគដែលមានតម្លៃ ៤៨៥លានប៉េសូ (៨,០៧លានដុល្លារអាម៉េរិក) របស់យើងដែលត្រូវបានគេកំណត់ថានឹងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលជាង៤៤០.០០០នាក់នៅត្រឹមចុងឆ្នាំ០២៦»។
ទន្ទឹមនឹងនេះដែរ អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានហ្វីលីពីន លោក ខាឡូស ព្រីម៉ូ ដាវីដ (Carlos Primo David) បានគូសបញ្ជាក់ពីកម្មវិធីរបស់ក្រសួងដើម្បីនាំយកទឹកស្អាតទៅកាន់ខេត្តដាច់ស្រយាលរបស់ប្រទេស ដោយកំណត់គោលដៅលើកោះតូចៗចំនួន២៥០ ដែលទឹកស្អាតនៅមានកម្រិត។
លោកបានកត់សម្គាល់ថា ប្រជាជនហ្វីលីពីនចំនួន ៤០៥.០០០នាក់នាពេលច្ចុប្បន្នដែលមានចំនួនស្មើនឹងត្រឹមតែ ១% ប៉ុណ្ណោះនៃប្រជាជន៤០លាននាក់របស់ខ្លួនដែលនៅតែខ្វះលទ្ធភាពទទួលបានទឹកស្អាតគ្រប់គ្រាន់។
ក្រសួងបានប៉ាន់ប្រមាណថា ហ្វីលីពីនត្រូវការថវិកាចំនួន ២០០ប៊ីលានប៉េសូ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកនៅទូទាំងប្រទេសឱ្យបានពេញលេញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





