ហ្វីលីពីនចំណាយថវិកាចំនួន ៣៨៥លានដុល្លារអាម៉េរិកដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីហ្វីលីពីន លោកហ្វឺឌីនែនដ៍ អ. ម៉ាកូស ជេអ. (Ferdinand R. Marcos Jr.) បានដឹកនាំក្រសួងថវិកា និងគ្រប់គ្រង (DBM) ដើម្បីបញ្ចេញថវិកាចំនួន ២១,៤៧ប៊ីលានប៉េសូ(ប្រមាណ ៣៨៥លានដុល្លារអាម៉េរិក) ដើម្បីទ្រទ្រង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ការពារការងារ និងកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដែលជាប់ទាក់ទងនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា លោក រ៉ូលែនដូ ថូឡេដូ (Rolando Toledo) រដ្ឋមន្ត្រីក្រសួងថវិកា បាននិយាយថា ការចំណាយថវិកានេះមានគោលបំណងធានាថា សេវាសាធារណៈ និងការងារសំណង់សំខាន់ៗនៅតែបន្តដោយគ្មានការរំខាន ខណៈដែលតម្លៃប្រេងខ្ពស់កំពុងដាក់សម្ពាធទៅលើថ្លៃដឹកជញ្ជូន និងការចំណាយរបស់គ្រួសារប្រជាជន។
លោកបានសង្កត់ធ្ងន់ថា ការបែងចែកថវិកានីមួយៗមានបំណងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន រក្សាប្រតិបត្តិការសេវាកម្ម និងបន្ធូរបន្ថយបន្ទុកដែលបណ្តាលមកពីកត្តាសកលលោកដែលហួសពីការគ្រប់គ្រងក្នុងស្រុក។
ក្នុងចំណោមចំនួនថវិកាសរុបនោះ ថវិកាប្រហែល ២,៤៩ប៊ីលានប៉េសូនឹងត្រូវបានបែងចែកទៅឱ្យក្រសួងដឹកជញ្ជូន ដើម្បីអនុវត្តកម្មវិធីឧបត្ថម្ភប្រេងឥន្ធនៈ ដែលផ្តល់ការគាំទ្រដោយផ្ទាល់ដល់អ្នកបើកបរ និងប្រតិបត្តិករដឹកជញ្ជូនដែលរងផលប៉ះពាល់ដោយការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ។ ទន្ទឹមនឹងនេះដែរ ថវិកាប្រហែល ១៨,៦៥ប៊ីលានប៉េសូនឹងផ្តល់ទៅឱ្យក្រសួងសាធារណការ និងផ្លូវហាយវេ ដើម្បីទ្រទ្រង់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ជួយធានាការងារ កែលម្អសុវត្ថិភាពផ្លូវថ្នល់និងរក្សាសកម្មភាពសេដ្ឋកិច្ច។
ថវិកាបន្ថែមចំនួន ៣២៤,៣៦លានប៉េសូក៏នឹងត្រូវបានបញ្ចេញទៅឱ្យទីភ្នាក់ងារសាធារណការ ដើម្បីដោះស្រាយកាតព្វកិច្ចពីមុនទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលមានជំនួយពីបរទេសផងដែរ ដើម្បីធានាបាននូវការបញ្ចប់ទាន់ពេលវេលា។
ការអនុវត្តនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់រដ្ឋាភិបាលហ្វីលីពីន ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក ជាពិសេសការប្រែប្រួលតម្លៃថាមពល ចំពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





