ឥណ្ឌូណេស៊ី និងហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍ទៅលើប្រេង ឧស្ម័ន និងជីរបស់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- ក្នុងចំណោមភាពស្មុគស្មាញដែលកំពុងបន្តកើតមាននៅក្នុងជម្លោះមជ្ឈិមបូព៌ា ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន រួមទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ីក្នុងការផ្គត់ផ្គង់ប្រេងឧស្ម័ន និងជី ដើម្បីជួយការពារសន្តិសុខថាមពល និងផលិតកម្មកសិកម្ម។
លោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី បាននិយាយកាលពីពេលថ្មីៗនេះថាអាទិភាពរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី គឺធានាការផ្គត់ផ្គង់ថាមពលឱ្យបានគ្រប់គ្រាន់ក្នុងតម្លៃប្រកួតប្រជែងសម្រាប់គ្រួសារ និងឧស្សាហកម្មដោយសារហានិភ័យភូមិសាស្ត្រនយោបាយគំរាមកំហែងដល់លំហូរប្រេងសកលលោក។
លោក បាលីល បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីមិនកំណត់ជម្រើសរបស់ខ្លួនចំពោះអ្នកផ្គត់ផ្គង់ជាក់លាក់ទេ ដោយបង្ហាញពីភាពបើកចំហចំពោះការចូលរួមកាន់តែស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី ប្រសិនបើវាគាំទ្រដល់ភាពធន់នៃថាមពលជាតិ។
ទន្ទឹមនឹងនេះ ប្រទេសហ្វីលីពីនបានពង្រឹងកិច្ចចរចាជាមួយអ្នកផលិតជីសំខាន់ៗ រួមទាំងប្រទេសរុស្ស៊ីផងដែរ ដោយសារតែហានិភ័យនៃការរំខាន។រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្រ្វេនស៊ីស្កូ ទុយ ឡូរែល (Francisco Tiu Laurel) បាននិយាយថា បញ្ហាចម្បងមិនមែនជាកង្វះខាតនោះទេ ប៉ុន្តែជាការកើនឡើងយ៉ាងខ្លាំងនៃតម្លៃ។
ដោយសារតែការរឹតបន្តឹងការដឹកជញ្ជូន និងការកើនឡើងនៃតម្លៃឧស្ម័ន តម្លៃជីកំពុងកើនឡើងយ៉ាងខ្លាំង។ នៅតំបន់អាស៊ីអាគ្នេយ៍ តម្លៃជីអ៊ុយរ៉េបានកើនឡើងប្រហែល ៤០% ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





