ឥណ្ឌូណេស៊ីផ្អាកការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក ខណៈដែលសហរដ្ឋអាមេរិកបើកការស៊ើបអង្កេតពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសផ្អាកដំណើរការផ្តល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (ART) ជាមួយសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ខណៈដែលទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមការស៊ើបអង្កេតថ្មីតាមមាត្រា៣០១ ទៅលើការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ដែលត្រូវបានចោទប្រកាន់។
លោក អេឌី ព្រីយ៉ូ ផាមប៊ូឌី (Edi Prio Pambudi) អនុប្រធានសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៅក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី បាននិយាយកាលពីពេលថ្មីៗនេះថា ទីក្រុងហ្សាការតាកំពុងផ្តល់អាទិភាពដល់ការឆ្លើយតបរបស់ខ្លួនចំពោះការស៊ើបអង្កេត មុនពេលពិចារណាជំហានបន្ទាប់ណាមួយទៅលើកិច្ចព្រមព្រៀង ART។
ការស៊ើបអង្កេតតាមមាត្រា៣០១ ដែលផ្តួចផ្តើមឡើងដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) កាលពីសប្តាហ៍មុន គ្របដណ្តប់ទៅលើដៃគូពាណិជ្ជកម្មប្រហែល៦០ រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ ការស៊ើបអង្កេតផ្តោតទៅលើការចោទប្រកាន់អំពីសមត្ថភាពឧស្សាហកម្មលើស និងការអនុវត្តមិនគ្រប់គ្រាន់នៃការហាមឃាត់លើទំនិញដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ។
ការអនុវត្តនេះបានធ្វើឱ្យមូលដ្ឋានច្បាប់នៃកិច្ចព្រមព្រៀង ART ចុះខ្សោយ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១៩ខែកុម្ភៈ ហើយនឹងដាក់ពន្ធ ១៩% ទៅលើទំនិញឥណ្ឌូណេស៊ីនៅពេលដែលបានផ្តល់សច្ចាប័ន។
ប្រទេសឥណ្ឌូណេស៊ីកំពុងបង្កើតក្រុមការងារពិសេសមួយដើម្បីរៀបចំទិន្នន័យ និងអំណះអំណាងផ្នែកច្បាប់ដើម្បីជំទាស់នឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





