សមាជិកព្រឹទ្ធសភាអាម៉េរិក លោក បឺនី សាន់ដឺស៍ រិះគន់ការចំណាយចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ -- សមាជិកព្រឹទ្ធសភាអាម៉េរិក លោក បឺនី សាន់ដឺស៍ (Bernie Sanders) បានរិះគន់ការចំណាយចំពោះការវាយប្រហារយោធាជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសអ៊ីរ៉ង់ ដោយលោកបាននិយាយថា ថវិកាទាំងនោះអាចត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីក្នុងស្រុក។
នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាម៉េរិកអ៊ិច លោក សាន់ដឺស៍ បាននិយាយថា សង្គ្រាមនៅអ៊ីរ៉ង់បានចំណាយអស់ ២២,៨ប៊ីលានដុល្លារអាម៉េរិករួចហើយ។
លោកបានមានប្រសាសន៍ថា «សម្រាប់ថវិកា ២២,៨ប៊ីលានដុល្លារអាម៉េរិក យើងអាចផ្តល់ ដល់កុមារ ៦,៨លាននាក់ សាងសង់លំនៅដ្ឋានសាធារណៈចំនួន ២,៦លានខ្នង ជួយមូលនិធិ Head Start ចំនួន ១,៣លាននាក់ ជួលគ្រូបង្រៀនចំនួន ២៤០.០០០នាក់ និងលុបចោលបំណុលសិស្សចំនួន ២០.០០០ដុល្លារសម្រាប់អ្នកខ្ចីប្រាក់ចំនួន ១លាននាក់»។
លោក សាន់ដឺស៍ បានអំពាវនាវឱ្យផ្តល់អាទិភាពដល់សេវាសាធារណៈជាងការចំណាយយោធា ខណៈដែលភាពតានតឹងក្នុងតំបន់កើនឡើង។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបន្តវាយប្រហាររួមគ្នាលើប្រទេសអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សប្រហែល ១.៣០០នាក់រហូតមកដល់ពេលនេះ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណី (Ayatollah Ali Khamenei) និងឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់ជាច្រើនទៀត។
អ៊ីរ៉ង់បានសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសជាប់ឈូងសមុទ្រដែលជាទីតាំងទ្រព្យសកម្មរបស់យោធាអាម៉េរិក ដោយបង្កឱ្យមានអ្នកស្លាប់ និងរងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ហើយរំខានដល់ទីផ្សារសកល និងវិស័យអាកាសចរណ៍៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





