លោក ពូទីន ផ្ញើសាររំលែកទុក្ខដល់មេដឹកនាំកំពូលអ៊ីរ៉ង់ចំពោះមរណភាពរបស់ប្រធានសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃពុធ បានផ្ញើសារចូលរួមរំលែកទុក្ខដល់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ម៉ូជតាបា ខាមេណី (Mojtaba Khamenei) ចំពោះការស្លាប់របស់ប្រធានសន្តិសុខរបស់ទីក្រុងតេអេរ៉ង់នៅក្នុងការវាយប្រហារមួយកាលពីដើមសប្តាហ៍នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ី រួមទាំងទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass បានឱ្យដឹងថា លោក ពូទីន បានថ្លែងនៅក្នុងសារមួយផ្ញើទៅកាន់លោក ខាមេណី ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ IRIB ថា «សូមទទួលយកការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរបស់យើងចំពោះការស្លាប់របស់លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក អាលី ឡារីចានី (Ali Larijani)» ។
ដោយលើកឡើងអំពីលោក ឡារីចានី ថាជា «មិត្តពិត» របស់រុស្ស៊ី លោក ពូទីន បាននិយាយថា លោកបានរួមចំណែកដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ហើយ «នឹងស្ថិតនៅក្នុងចិត្តរបស់យើង»។ លោកបានបន្ថែមថា «សូមចូលរួមរំលែកទុក្ខ និងការគាំទ្រយ៉ាងស្មោះស្ម័គ្រដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកស្លាប់»។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់លោក ឡារីចានី ក្នុងការវាយប្រហារតាមអាកាសមួយនៅជិតទីក្រុងតេអេរ៉ង់ ដោយយោធាបានអះអាងថា លោកត្រូវបាន «សម្លាប់» នៅក្នុងទង្វើដែលខ្លួនហៅថា «ការវាយប្រហារយ៉ាងច្បាស់លាស់» កាលពីយប់ថ្ងៃចន្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយនៃថ្ងៃនោះ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានបញ្ជាក់ថា លោក ឡារីចានី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ រួមជាមួយកូនប្រុសរបស់លោក ជំនួយការរបស់លោកគឺលោក រេហ្សា បាយ៉ាត់ (Reza Bayat) និងសហការីមួយចំនួនរបស់លោក។
កាលពីថ្ងៃពុធ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូថា ប្រទេសរុស្ស៊ី «ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពដែលមានគោលបំណងបង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេសការសម្លាប់ និងការរំលាយចោលនៃតំណាងថ្នាក់ដឹកនាំរបស់អធិបតេយ្យភាពអ៊ីរ៉ង់»៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





