ប្រធានាធិបតីតួកគី៖ សកម្មភាពរបស់អ៊ីស្រាអែលកំពុងអូសទាញតំបន់ទៅរកគ្រោះមហន្តរាយ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ -- អ៊ីស្រាអែលត្រូវបានដឹកនាំដោយបណ្តាញមួយដែលចាត់ទុកខ្លួនឯងថាមានឧត្តមភាពជាងអ្នកដទៃ ហើយកំពុងអូសទាញតំបន់នេះបន្តិចម្តងៗទៅរកគ្រោះមហន្តរាយ។ នេះជាការលើកឡើងកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន។
លោក អឺដូហ្គែន បាននិយាយនៅក្នុងព្រឹត្តិការណ៍ Iftar នៅឯអគារប្រធានាធិបតីក្នុងរដ្ឋធានីអង់ការ៉ាថា «យើងទាំងអស់គ្នាដឹងហើយថា ការវាយប្រហារដែលផ្តោតទៅលើតំបន់ហ្គាហ្សាជាមុន បន្ទាប់មកយេម៉ែន និងលីបង់ និងថ្មីៗនេះគឺអ៊ីរ៉ង់ មិនមែនគ្រាន់តែជំរុញឱ្យមានការព្រួយបារម្ភអំពីសន្តិសុខនោះទេ»។
លោក អឺដូហ្គែន បាននិយាយថា នៅពេលដែលប្រព័ន្ធសកលលោកដែលបានកសាងជាពិសេសបន្ទាប់ពីសង្គ្រាមលោកលើកទី២ កំពុងឆ្លងកាត់ការបែកបាក់ជាប្រវត្តិសាស្ត្រ ការពិតត្រូវតែបង្ហាញយ៉ាងច្បាស់ទៅកាន់មតិសាធារណៈជនពិភពលោក។
លោកបាននិយាយថា «វាមានសារៈសំខាន់ណាស់ដែលយើងត្រូវរំដោះខ្លួនចេញពីរបៀបវារៈដែលបានដាក់ចេញ ហើយពន្យល់ពីការពិតទាំងនេះ ភាពព្រៃផ្សៃនេះ និងស្ថានភាពឆ្កួតលីលានេះដល់ពិភពលោកតាមរបៀបដែលបន្សល់ទុកនូវផលប៉ះពាល់»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបន្តការវាយលុករួមគ្នាទៅលើអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មក ដោយបានសម្លាប់មនុស្សជាង ១.៣០០នាក់រហូតមកដល់ពេលនេះ រួមទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) ផងដែរ។
ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលដែលផ្តោតទៅលើអ៊ីស្រាអែល រួមជាមួយប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រ ដែលខ្លួនបាននិយាយថា កំពុងកំណត់គោលដៅទៅលើទ្រព្យសម្បត្តិយោធាអាម៉េរិក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលរំខានដល់ទីផ្សារសកលលោក និងអាកាសចរណ៍។
កងកម្លាំងអ៊ីស្រាអែលក៏បានពង្រីកប្រតិបត្តិការប្រឆាំងនឹងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





