ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបលែងលាក់បាំងអារម្មណ៍ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ទៀតហើយ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ -- លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) តំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់ការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា អ្នកញុះញង់សង្គ្រាមនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបលែងលាក់បាំងជម្រៅនៃការប្រឆាំងរបស់ពួកគេចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ទៀតហើយ។
លោកបានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «របាំងមុខបានរអិលចេញហើយ។ អ្នកញុះញង់សង្គ្រាមនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបកំពុងបង្ហាញពីរបៀបដែលពួកគេពិតជាប្រឆាំងនឹងលោក ដូណាល់ ត្រាំ។ពួកគេបានព្យាយាមលាក់បាំងវាអស់រយៈពេលយូរមកហើយ ប៉ុន្តែឥឡូវនេះវាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាឃើញ។ លោក ដូណាល់ ត្រាំ នឹងចងចាំ»។
នៅពេលមុននេះ សារព័ត៌មាន Politico ដោយដកស្រង់សម្តីអ្នកការទូតអឺរ៉ុប បានរាយការណ៍ថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានស្ថិតនៅលើគែមនៃវិបត្តិដ៏ជ្រៅម្តងទៀត ដោយសារតែការមិនចុះសម្រុងគ្នាចំពោះសន្តិសុខនៅច្រកសមុទ្រ Hormuz។ យោងតាមអ្នកការទូតរូបនោះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសដែលបានជួបប្រជុំគ្នានៅទីក្រុងព្រុចសែលកាលពីថ្ងៃចន្ទ បានជំទាស់ស្ទើរតែជាឯកច្ឆ័ន្ទចំពោះសំណើរបស់សហរដ្ឋអាមេរិកក្នុងការចូលរួមក្នុងការធានាសន្តិសុខដឹកជញ្ជូន។
ពួកគេបានចង្អុលបង្ហាញថា បណ្តាប្រទេសសហភាពអឺរ៉ុបនឹងមិនធ្វើឱ្យនាវា និងកងទ័ពរបស់ពួកគេប្រឈមនឹងគ្រោះថ្នាក់ទេ លុះត្រាតែរដ្ឋបាលសហរដ្ឋអាមេរិកត្រៀមខ្លួនធ្វើដូច្នេះ។ លោក ដូណាល់ ត្រាំ ពីមុនបាននិយាយថា ប្រទេសដែលនាំចូលប្រេងតាមរយៈច្រកសមុទ្រ Hormuz គួរតែចូលរួមក្នុងការធានាសន្តិសុខដឹកជញ្ជូនដោយការបញ្ជូននាវាចម្បាំងរបស់ពួកគេទៅកាន់ទីនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





