ឡាវបញ្ជាក់ពីការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានស្ថេរភាព
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឡាវបានធានាដល់សាធារណជនថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសនៅតែមានស្ថិរភាពបើទោះបីជាមានការរំខាននៅក្នុងទីផ្សារប្រេងសកលលោកក៏ដោយ ខណៈដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋសន្សំសំចៃប្រេងឥន្ធនៈ ចំពេលដែលកំពុងមានភាពមិនប្រាកដប្រជាជាបន្តបន្ទាប់នៅក្នុងការផ្គត់ផ្គង់សកលលោក។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាលឡាវ លោក សុនសាយ ស៊ីតផាសាយ (Sonexay Sitphaxay)និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក ចាន់ថាប៊ូន ស៊ូកាលូន (Chanthaboun Soukaloun) បានផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពផ្គត់ផ្គង់ប្រេងឥន្ធនៈជាតិ។
មន្ត្រីនោះបានកត់សម្គាល់ថា អស្ថិរភាពកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា ដែលជាតំបន់ផលិតប្រេងដ៏សំខាន់មួយ បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈសកលលោកកើនឡើង និងកាត់បន្ថយសមត្ថភាពនាំចូលរបស់ប្រទេសជាច្រើន រួមទាំងប្រទេសឡាវផងដែរ។ ការរំខានទាំងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការផលិត និងការនាំចេញប្រេងពីតំបន់នេះ។
ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបញ្ជាក់ថា ទុនបម្រុងប្រេងឥន្ធនៈបច្ចុប្បន្ននៅតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រើប្រាស់រយៈពេលខ្លីហើយការនាំចូលកំពុងដំណើរការក្នុងកម្រិតធម្មតា។ រដ្ឋាភិបាលឡាវបានបង្កើតផែនការឆ្លើយតបបន្ទាន់សម្រាប់ទាំងរយៈពេលខ្លី និងមធ្យមដោយមានការកែតម្រូវដែលត្រូវធ្វើអាស្រ័យលើការវិវត្តបន្ថែមទៀត។
យោងតាមមន្ត្រីនោះបានឱ្យដឹងថា ការខ្វះខាតបណ្តោះអាសន្នថ្មីៗនេះនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈមួយចំនួន ភាគច្រើនដោយសារតែការពន្យារពេលក្នុងការដឹកជញ្ជូនប្រេងឥន្ធនៈពីឃ្លាំងស្តុកទៅកាន់ហាងលក់រាយ។
រដ្ឋាភិបាលឡាវកំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានស្ថិរភាពសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងគម្រោងអភិវឌ្ឍន៍។ ក្នុងពេលជាមួយគ្នានេះ តាមរយៈយន្តការសហប្រតិបត្តិការដែលមានស្រាប់ រដ្ឋាភិបាលកំពុងពង្រឹងការសម្របសម្រួលជាមួយប្រទេសជិតខាង ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងទីផ្សារប្រេងសកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





