ឥណ្ឌូណេស៊ីប្រឈមនឹងការកើនឡើងនៃករណីកញ្ជ្រឹល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីកំពុងឃើញនូវការកើនឡើងយ៉ាងខ្លាំងនៃករណីជំងឺកញ្ជ្រឹល ដែលបង្កើនការព្រួយបារម្ភថា ការកើនឡើងនេះអាចជាប់ទាក់ទងនឹងអត្រាចាក់វ៉ាក់សាំងធ្លាក់ចុះ និងភាពស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងការប្រើប្រាស់វ៉ាក់សាំងបន្ទាប់ពីការបញ្ចប់នៃជំងឺរាតត្បាតកូវីដ-១៩។
ជាការឆ្លើយតប គ្រូពេទ្យកំពុងណែនាំដល់ឪពុកម្តាយឱ្យកំណត់ការប៉ះពាល់របស់កូនៗរបស់ពួកគេទៅនឹងការជួបជុំធំៗ ជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Eid al-Fitr នាពេលខាងមុខនៅពេលដែលក្រុមគ្រួសារតែងតែជួបជុំគ្នាច្រើននាក់ ដែលបង្កើនហានិភ័យនៃការចម្លងជំងឺ។
ជំងឺកញ្ជ្រឹលជាទូទៅបណ្តាលឱ្យមានរោគសញ្ញាដូចជាគ្រុនក្តៅ កន្ទួលនិងក្អក ប៉ុន្តែអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងររួមទាំងជំងឺរលាកសួត និងរលាកខួរក្បាល ដែលអាចគំរាមកំហែងដល់អាយុជីវិត ជាពិសេសចំពោះកុមារដែលមិនបានចាក់វ៉ាក់សាំង។ នៅក្នុងប្រទេសឥណ្ឌូណេស៊ី អ្នកជំងឺកញ្ជ្រឹលភាគច្រើន គឺជាកុមារ។ នៅក្នុងឆ្នាំ២០២៥ ប្រហែល ៨០% នៃករណីជំងឺកញ្ជ្រឹលត្រូវបានរាយការណ៍ក្នុងចំណោមកុមារដែលមានអាយុប្រាំបួនឆ្នាំចុះក្រោម ដោយអ្នកដែលមានអាយុក្រោមប្រាំឆ្នាំ គឺជាក្រុមដែលមានហានិភ័យខ្ពស់បំផុត ដោយមានចំនួនរហូតដល់ ៥៣%។
យោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីជំងឺកញ្ជ្រឹលចំនួន ១០.៧៤៤ករណីនៅក្នុងឆមាសទីពីរនៃឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានអត្រាកើតជំងឺកញ្ជ្រឹលខ្ពស់បំផុតលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសយេម៉ែន។ ចំនួនករណីសរុបបានកើនឡើងយ៉ាងខ្លាំងពី ៧.១៩១ករណីកាលពីក្នុងឆ្នាំ២០២៤ ដល់ ១៧.២០៤ករណីនៅក្នុងឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី០៣ខែមីនា ឆ្នាំ២០២៦ ប្រទេសនេះបានកត់ត្រាករណីសង្ស័យបន្ថែមចំនួន១០.៤៥៣ករណី។
ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបាននិយាយថា ការផ្គត់ផ្គង់វ៉ាក់សាំងបច្ចុប្បន្ន គឺគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ខេត្តយ៉ាងហោចណាស់សម្រាប់រយៈពេលពីរខែ ហើយអាជ្ញាធរកំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ជាពិសេសនៅក្នុងតំបន់ដែលមានករណីជំងឺកញ្ជ្រឹលច្រើននៅមុនរដូវវិស្សមកាល។
លោក អេនឌី សាគូនី (Andi Saguni) អគ្គនាយកស្តីទីទទួលបន្ទុកការគ្រប់គ្រងជំងឺនៅក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបាននិយាយថា ឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យពិនិត្យមើលស្ថានភាពចាក់វ៉ាក់សាំងរបស់កូនៗរបស់ពួកគេ និងបំពេញកម្រិតថ្នាំដែលខកខានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកបានបន្ថែមថា ការចាក់វ៉ាក់សាំងនៅតែជាការការពារដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងជំងឺកញ្ជ្រឹល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





