ឥណ្ឌូណេស៊ីចាប់ដៃជាមួយជប៉ុនដើម្បីអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- លោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី និងលោក រីយ៉ូសី អាកាហ្សាវ៉ា (Ryosei Akazawa) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំ ស្តីពីការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ។
ការអនុវត្តនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជំរុញការផ្លាស់ប្តូរថាមពល និងកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្ម ជាពិសេស ខណៈដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងពីក្រុមហ៊ុនបច្ចេកវិទ្យានុយក្លេអ៊ែរធំៗរបស់ពិភពលោក ដោយមានគោលដៅផលិតថាមពលនុយក្លេអ៊ែរកម្លាំង ៥០០មេហ្គាវ៉ាត់ដំបូងរបស់ខ្លួននៅត្រឹមឆ្នាំ២០៣៣។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅខាងក្រៅវេទិការដ្ឋមន្ត្រីសន្តិសុខថាមពល និងធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងតូក្យូនេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរជាមួយនឹងស្តង់ដារសុវត្ថិភាពខ្ពស់ និងការបង្កើតក្របខ័ណ្ឌដែលមានតម្លាភាព និងការប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនជប៉ុនចូលរួម។
ជាពិសេស កិច្ចព្រមព្រៀងនេះក៏បានគូសបញ្ជាក់ពីយន្តការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈភ្នាក់ងារឥណទាននាំចេញរបស់ជប៉ុនផងដែរ ដែលរួមទាំងធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រុមហ៊ុនធានារ៉ាប់រងនាំចេញ និងវិនិយោគរបស់ក្រុមហ៊ុន Nippon។
ការចូលរួមរបស់ប្រទេសជប៉ុននៅក្នុងកម្មវិធីថាមពលនុយក្លេអ៊ែររបស់ប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ន ផ្តោតសំខាន់ទៅលើគម្រោងមួយនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច ជាកន្លែងដែលក្រុមហ៊ុន JGC Corporation របស់ប្រទេសជប៉ុនកំពុងគាំទ្រដល់ក្រុមហ៊ុន NuScale Power ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍរ៉េអាក់ទ័រម៉ូឌុលតូចមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





