សេវាកម្មរថភ្លើងដឹកអ្នកដំណើរអន្តរជាតិតភ្ជាប់រវាងប្រទេសចិន និងកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ -- រថភ្លើងដឹកអ្នកដំណើរអន្តរជាតិបានតភ្ជាប់ទីក្រុងដានដុងនៅខេត្តឡៅនីងភាគឦសានប្រទេសចិនជាមួយទីក្រុងព្យុងយ៉ាង រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានចាប់ផ្តើមសេវាកម្មកាលពីថ្ងៃព្រហស្បតិ៍។
រថភ្លើងនេះ ដែលមានទូរថភ្លើងដឹកអ្នកដំណើរចំនួន ៥ទូបានចេញដំណើរពីទីក្រុងដានដុងនៅម៉ោង ១០:០០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយគ្រោងនឹងមកដល់ទីក្រុងព្យុងយ៉ាងនៅម៉ោង ៦:០៧នាទីល្ងាច(ម៉ោងក្នុងស្រុក)។
អ្នកដំណើរកូរ៉េខាងជើងម្នាក់ដែលបានទិញសំបុត្ររបស់នាងកាលពីថ្ងៃពុធ បន្ទាប់ពីបានដឹងអំពីសេវាកម្មនេះ បាននិយាយថា «ខ្ញុំពិតជារំភើបណាស់ដែលបានត្រឡប់មកផ្ទះវិញតាមរថភ្លើងនៅថ្ងៃនេះ»។
លោក សុង ពីង (Song Ping) បុគ្គលិកនៅស្ថានីយ៍ត្រួតពិនិត្យព្រំដែនចេញ-ចូលទីក្រុងដានដុង បាននិយាយថា អាជ្ញាធរបានដាក់ចេញវិធានការដើម្បីធានាបាននូវការបោសសម្អាតដោយរលូននៅថ្ងៃដំបូងនៃប្រតិបត្តិការ។លោកបានកត់សម្គាល់ថា ដំណើរការត្រួតពិនិត្យសម្រាប់រថភ្លើងទាំងមូលត្រូវបានកាត់បន្ថយមកត្រឹម ៣០នាទី។
សេវាកម្មដឹកអ្នកដំណើរនឹងដំណើរការជារៀងរាល់ថ្ងៃទាំងទិសដៅទៅ និងមក។ រថភ្លើងដែលចេញដំណើរពីទីក្រុងព្យុងយ៉ាងនឹងចេញដំណើរនៅម៉ោង ១០:២៦នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយគ្រោងនឹងទៅដល់ទីក្រុងដានដុងនៅម៉ោង ៤:២៣នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង)។
នាយកប្រតិបត្តិម្នាក់មកពីនាយកដ្ឋានអន្តរជាតិនៃក្រុមហ៊ុន China State Railway Group Co., Ltd. បាននិយាយថា សេវាកម្មរថភ្លើងនេះនឹងបម្រើជាបង្អួចដ៏សំខាន់សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងជាតំណភ្ជាប់ថាមវន្តដែលពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





