ការវាយប្រហាររបស់អ៊ីរ៉ង់បានបំផ្លាញលើទីតាំងអាម៉េរិកយ៉ាងហោចណាស់ ១៧ន្លែងនៅទូទាំងតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ -- យោងតាមការវិភាគរបស់កាសែត New York Times កាលពីថ្ងៃពុធ បានឱ្យដឹងថា យ៉ាងហោចណាស់មានទីតាំងយោធា ការទូត និងការពារដែនអាកាសរបស់សហរដ្ឋអាមេរិកចំនួន ១៧កន្លែងនៅទូទាំងតំបន់មជ្ឈិមបូព៌ាត្រូវបានខូចខាតដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមការវាយប្រហាររួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់ដោយអ៊ីស្រាអែល និងទីក្រុងវ៉ាស៊ីនតោន។
យ៉ាងហោចណាស់មានទីតាំងចំនួន ១១កន្លែងដែលរងការខូចខាតគឺជាមូលដ្ឋានយោធា ឬការដំឡើងដែលតំណាងឱ្យស្ទើរតែពាក់កណ្តាលនៃទីតាំងអាម៉េរិកទាំងអស់នៅក្នុងតំបន់។
ប្រព័ន្ធការពារដែនអាកាសគឺជាផ្នែកមួយនៃការខាតបង់ដែលមានតម្លៃថ្លៃបំផុត ដោយរូបភាពផ្កាយរណបបង្ហាញពីការខូចខាតដល់រ៉ាដាព្រមានជាមុនចំនួន ១,១ប៊ីលានដុល្លារអាម៉េរិកនៅជិតតំបន់ Umm Dahal ប្រទេសកាតា ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ការគ្របដណ្តប់លើកាំរស្មីមានប្រវែង ៤.៨០០គីឡូម៉ែត្រ (៣.០០០ម៉ាយ)។
យោងតាមមន្ត្រីសភាម្នាក់ដែលត្រូវបានដកស្រង់សម្ដីដោយកាសែតបានឱ្យដឹងថា ការវាយតម្លៃរបស់មន្ទីរបញ្ចកោណបានដាក់ការខូចខាតដល់ទីស្នាក់ការកណ្តាលកងនាវាចរទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅប្រទេសបារ៉ែន ដែលវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ មានចំនួនប្រហែល ២០០ លានដុល្លារអាម៉េរិក។
អ៊ីរ៉ង់ក៏បានកំណត់គោលដៅលើទីតាំងការទូតរបស់សហរដ្ឋអាមេរិកផងដែរ ដោយបង្ខំឱ្យបិទស្ថានកុងស៊ុលនៅទីក្រុងឌូបៃ និងស្ថានទូតនៅទីក្រុងគុយវ៉ែត និងទីក្រុងរីយ៉ាដជាបណ្តោះអាសន្ន។ គ្មានរបាយការណ៍អំពីអ្នករងរបួសនៅក្នុងការវាយប្រហារទាំងនោះទេ។
មន្ត្រីអាម៉េរិកបានប្រាប់សារព័ត៌មានថា ការវាយប្រហារបង្ហាញថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមជាងការរំពឹងទុករបស់រដ្ឋបាលលោក ត្រាំ។
ការកើនឡើងនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលត្រូវគេរាយការណ៍ថាបានសម្លាប់ជនរងគ្រោះជាង ១.២០០នាក់រហូតមកដល់បច្ចុប្បន្ន រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណី (Ayatollah Ali Khamenei) ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





