វិមានក្រឹមឡាំង៖ ការចរចាជាមួយអ៊ុយក្រែនអាចនឹងបន្តនៅទីក្រុងអ៊ីស្តង់ប៊ុល
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ -- យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃពុធថា អ្នកចូលរួមក្នុងកិច្ចចរចាជាមួយអ៊ុយក្រែនកំពុងពិចារណានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលជាលទ្ធភាពមួយដើម្បីបន្តការចរចា។
លោកបានមានប្រសាសន៍ថា «សម្រាប់ពេលនេះ ខ្ញុំអាចនិយាយបានថា ជាទូទៅមានការយល់ដឹងពីដំណើរការចរចានឹងត្រូវបន្ត ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតជាក់លាក់នៅឡើយទេ»។
លោកបានបន្ថែមថា ទីក្រុងគៀវកំពុងប្រើប្រាស់វិធីសាស្រ្តទំនើបៗកាន់តែខ្លាំងឡើងដើម្បីអនុវត្តការវាយប្រហារ ដោយទាមទារឱ្យប្រទេសរុស្ស៊ីអនុម័តវិធានការតបតបច្ចេកវិទ្យាខ្ពស់បន្ថែមទៀតដើម្បីការពារពលរដ្ឋរបស់ខ្លួន។
កាលពីថ្ងៃអង្គារ ក្រុមប្រដាប់អាវុធអ៊ុយក្រែនបានធ្វើការវាយប្រហារដ៏ធំមួយដោយប្រើមីស៊ីលដែលមានផលប៉ះពាល់ខ្ពស់ទៅលើតំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតនៅក្នុងតំបន់ Bryansk ដោយបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ និង៤២នាក់រងរបួស។
លោក ប៉េសកូវ បាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួន និងសម្រេចបាននូវគោលដៅរបស់ខ្លួន «ដើម្បីលុបបំបាត់ហានិភ័យនៃសកម្មភាព និងទង្វើបែបនេះរបស់ទីក្រុងគៀវ ដូចជាការវាយប្រហារលើតំបន់ Bryansk»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





