ឧបនាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរសកល
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ -- លោក ហ្សាង ហ្គូវឈីង (Zhang Guoqing) ឧបនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសចិនមានឆន្ទៈក្នុងការសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីធានាថាថាមពលនុយក្លេអ៊ែរគាំទ្រដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជាតិទាំងអស់បានកាន់តែប្រសើរឡើង។
លោក ហ្សាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ នៅពេលចូលរួមកិច្ចប្រជុំកំពូលថាមពលនុយក្លេអ៊ែរលើកទី២ នៅទីក្រុងប៉ារីសក្នុងនាមជាតំណាងពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
លោក ហ្សាង បាននិយាយថា ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រសន្តិសុខនុយក្លេអ៊ែរដែលសមហេតុផល សម្របសម្រួល និងមានតុល្យភាព ដែលស្នើឡើងដោយលោក ស៊ី ជីនពីង ហើយបានរួមចំណែកជាក់ស្តែងក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរទូទាំងពិភពលោក។
ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីអនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល និងលើកកម្ពស់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ថាមពលនុយក្លេអ៊ែរ ការកសាងមូលដ្ឋានគ្រឹះសុវត្ថិភាព កិច្ចសហការឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីឱ្យថាមពលនុយក្លេអ៊ែរអាចផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរឡើងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសទាំងអស់។
លោក ហ្សាង បានកត់សម្គាល់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយគ្រប់ភាគីទាំងអស់ ដើម្បីធ្វើការរួមចំណែកថ្មីៗក្នុងការកសាងពិភពលោកឱ្យកាន់តែស្រស់ស្អាត និងប្រកបដោយចីរភាព និងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
ប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មកពីប្រទេសជាង ៣០ ក៏ដូចជាប្រមុខអង្គការអន្តរជាតិពាក់ព័ន្ធបានចូលរួមកិច្ចប្រជុំកំពូល និងបានចេញសេចក្តីថ្លែងការណ៍រួមមួយដែលមានចំណងជើងថា «ថាមពលនុយក្លេអ៊ែរដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យសម្រាប់ទាំងអស់គ្នា»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





