រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអេហ្ស៊ីប ពិភាក្សាគ្នាអំពីការអភិវឌ្ឍក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកសេយេដ អាប់បាស់ អារ៉ាកជី (Seyed Abbas Araghchi) និងសមភាគីអេហ្ស៊ីប លោក បាដឺ អាប់ដេលឡាតទី (Badr Abdelatty) បាននិយាយកាលពីថ្ងៃអង្គារអំពីការវិវត្តចុងក្រោយបំផុតនៅតំបន់អាស៊ីខាងលិច ដោយសង្កត់ធ្ងន់លើទាំងក្តីបារម្ភផ្នែកសន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។
យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោក អារ៉ាកជី បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងការអនុវត្ត «សិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន»និងផ្តល់ការឆ្លើយតប «យ៉ាងម៉ឺងម៉ាត់» ចំពោះ «ការឈ្លានពាន និងឧក្រិដ្ឋកម្ម» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកបាននិយាយថាការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ ស្ថិតនៅក្រោមសិទ្ធិរបស់ប្រទេសក្នុងការការពារខ្លួន និងទប់ទល់នឹងការវាយប្រហារ។
លោក អារ៉ាកជី ក៏បាននិយាយផងដែរថា អ៊ីរ៉ង់ស្វែងរកការរក្សាទំនាក់ទំនង «ជាមិត្តភាព និងជាបងប្អូន» ជាមួយប្រទេសក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីធានាស្ថិរភាព និងសន្តិសុខដោយគ្មានការជ្រៀតជ្រែកពីបរទេស។
សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់បាននិយាយថា លោក អាប់ដេលឡាតទីបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹង និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់អេហ្ស៊ីប ដើម្បីកាត់បន្ថយអរិភាពក្នុងតំបន់។
ការផ្លាស់ប្ដូរយោបល់គ្នានេះកើតឡើងចំពេលជម្លោះដែលកំពុងបន្តកើតមានដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់អតីតមេដឹកនាំកំពូលលោក អាលី ខាមេណី (Ali Khamenei) មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកទូទាំងតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





