ឥណ្ឌូណេស៊ីជំរុញឱ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារ និងកាត់បន្ថយភាពតានតឹង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ក្រសួងការបរទេសឥណ្ឌូនេស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់និងបានជំរុញឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារប្រឆាំងនឹងប្រទេសជិតខាងរួមមានប្រទេសអេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា អូម៉ង់ បារ៉ែន គុយវ៉ែតនិងហ្ស៊កដានី។
សេចក្តីថ្លែងការណ៍នេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា និងផលប៉ះពាល់ក្នុងតំបន់កាន់តែទូលំទូលាយរបស់ពួកគេ ដោយដកស្រង់របាយការណ៍ពីបេសកកម្មការទូតឥណ្ឌូនេស៊ីនៅក្នុងតំបន់។
ប្រទេសនេះបានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ត្រូវតែគោរពច្បាប់អន្តរជាតិ ជាពិសេសការហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។
រដ្ឋាភិបាលក៏បានអំពាវនាវឱ្យមានការអត់ធ្មត់ និងបន្ធូរបន្ថយភាពតានតឹង ដោយជំរុញឱ្យមានការសន្ទនា និងការទូតជាមធ្យោបាយដើម្បីដោះស្រាយវិបត្តិ។
អាជ្ញាធរបាននិយាយថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនិងផលប៉ះពាល់របស់វាទៅលើពលរដ្ឋឥណ្ឌូនេស៊ីនៅក្នុងតំបន់ ហើយបានរៀបចំផែនការបន្ទាន់ រួមទាំងការធ្វើមាតុភូមិនិវត្តន៍ដែលអាចកើតមានប្រសិនបើលក្ខខណ្ឌតម្រូវ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





