អាស៊ែបៃហ្សង់ និងអ៊ីរ៉ង់ បន្តការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ -- គណៈរដ្ឋមន្ត្រីអាស៊ែបៃហ្សង់បានប្រកាសថា អាស៊ែបៃហ្សង់ និងអ៊ីរ៉ង់បានចាប់ផ្តើមការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរដ្ឋរួមគ្នារបស់ពួកគេកាលពីថ្ងៃចន្ទ ដោយបញ្ចប់ការផ្អាករយៈពេលបួនថ្ងៃដែលបង្កឡើងដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើតំបន់ Nakhchivan របស់ប្រទេសអាស៊ែបៃហ្សង់។
រដ្ឋាភិបាលអាស៊ែបៃហ្សង់បានប្រកាសថា ការចូល និងចេញនៃយានយន្តដឹកទំនិញគ្រប់ប្រភេទ រួមទាំងយានយន្តដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន ត្រូវបានស្ដារឡើងវិញចាប់តាំងពីម៉ោង ១០:០០នាទី (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទ។
គណៈរដ្ឋមន្ត្រីបានដាក់ចេញនូវការបិទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់។
យោងតាមអាជ្ញាធរអាស៊ែបៃហ្សង់បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារទីតាំងជាច្រើន រួមទាំងអគារស្ថានីយនៃអាកាសយានដ្ឋានអន្តរជាតិ Nakhchivan ខណៈដែលយន្តហោះគ្មានមនុស្សបើកមួយទៀតបានធ្លាក់នៅជិតសាលារៀនមួយ។
ហេតុការណ៍នេះបានធ្វើឱ្យជនស៊ីវិលជាច្រើននាក់រងរបួស និងបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។ ក្រោយមកភាគីអ៊ីរ៉ង់បានបដិសេធការចូលរួមរបស់ខ្លួន ប៉ុន្តែបានសន្យាថានឹងធ្វើការស៊ើបអង្កេតលើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





