កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់៖ ខ្លួនបានវាយប្រហារលើគោលដៅយោធានៅអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិកនៅប្រទេសហ្ស៊កដានី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ -- កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមការវាយប្រហារលើកទី២៨ របស់ខ្លួនប្រឆាំងនឹងគោលដៅនៅក្នុងទីក្រុងតេល អាវីវ និងទីក្រុងបឺសេបា របស់អ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាកាស Al-Azraq ក្នុងប្រទេសហ្ស៊កដានី ដោយប្រើប្រាស់មីស៊ីលជំនាន់ថ្មីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការ Sepah News បានឱ្យដឹងថា កងកម្លាំង IRGC បាននិយាយថា មីស៊ីលដែលប្រើក្នុងការវាយប្រហារទាំងនោះជាកម្មសិទ្ធិរបស់ផ្នែកអវកាសរបស់ខ្លួន ដោយសេចក្តីថ្លែងការណ៍បានបន្ថែមថាហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពអាកាស Al-Azraq ដែលជា «មូលដ្ឋានដ៏ធំ និងសកម្មបំផុតរបស់យន្តហោះចម្បាំងឈ្លានពានរបស់សហរដ្ឋអាមេរិក»ត្រូវបានកំណត់គោលដៅជាច្រើនដង។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា គោលដៅយោធានៅទីក្រុងតេល អាវីវ និងទីក្រុងបឺសេបា ត្រូវបានវាយប្រហារដោយមីស៊ីល Kheibar ដែលបំពាក់ដោយក្បាលគ្រាប់យ៉ាងធ្ងន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតបានឱ្យដឹងថា កងកម្លាំងIRGC បាននិយាយថា កងទ័ពជើងគោករបស់ខ្លួនបានវាយប្រហារទីតាំងរបស់ «ក្រុមបំបែកខ្លួន» នៅជិតព្រំដែនភាគពាយ័ព្យរបស់ប្រទេសក៏ដូចជាមូលដ្ឋានទ័ពអាម៉េរិកនៅជំរំអារីហ្វចាន ក្នុងប្រទេសគុយវ៉ែតដោយមីស៊ីលដែលមានការណែនាំជាក់លាក់។
ទន្ទឹមនឹងនេះ កងទ័ពអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថាកងទ័ពអាកាស និងកងទ័ពជើងទឹករបស់ខ្លួនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅកាន់គោលដៅនៅក្នុងទីក្រុងហៃហ្វា និងទីក្រុងតែលអាវីវ របស់អ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ព និងមជ្ឈមណ្ឌលយោធារបស់សហរដ្ឋអាមេរិកនៅជំរំអារីហ្វចាន។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ លោក អាលី ខាមេណី (Ali Khamenei) ក៏ដូចជាមនុស្សជាច្រើនទៀត រួមទាំងសមាជិកគ្រួសាររបស់មេដឹកនាំមួយចំនួន មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបតាមរយៈការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដែលកំណត់គោលដៅមូលដ្ឋានទ័ពអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





