តម្លៃប្រេងសាំងឡើងដល់ ១.៩០០វ៉ុនក្នុងមួយលីត្រនៅទីក្រុងសេអ៊ូល ចំពេលមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ -- ទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា តម្លៃជាមធ្យមនៃប្រេងសាំង និងប្រេងម៉ាស៊ូតនៅទីក្រុងសេអ៊ូលបានលើសពី ១.៩០០វ៉ុន (១,២៩ ដុល្លារអាម៉េរិក) ក្នុងមួយលីត្រ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា ខណៈដែលរដ្ឋាភិបាលបានបន្តព្រមានប្រឆាំងនឹងការអនុវត្តខុសច្បាប់ណាមួយដូចជាការឃុបឃិតគ្នាលើតម្លៃជាដើម។
នៅក្នុងការបង្ហោះសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានចេញការព្រមានថ្មីមួយដល់ក្រុមហ៊ុនចម្រាញ់ប្រេងក្នុងស្រុកអំពីការឃុបឃិតគ្នាដែលអាចកើតមានក្នុងការបង្កើនតម្លៃប្រេងឥន្ធនៈ ខណៈពេលដែលទទួលបានការណែនាំពីមន្ត្រីឱ្យពិចារណាលើការកំណត់តម្លៃក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃមុន។
យោងតាមសេវាកម្មព័ត៌មាន Opinet ដែលជាសេវាកម្មព័ត៌មានតម្លៃប្រេងដែលដំណើរការដោយក្រុមហ៊ុន Korea National Oil Corp. (KNOC) បានឱ្យដឹងថា គិតត្រឹមម៉ោង ៩:០០នាទីព្រឹក តម្លៃសាំងជាមធ្យមនៅក្នុងរដ្ឋធានីបានកើនឡើងដល់ ២៧,៥វ៉ុនពីមួយថ្ងៃមុនដល់ ១.៩១៦,៥វ៉ុនក្នុងមួយលីត្រ ខណៈដែលតម្លៃម៉ាស៊ូតបានកើនឡើងពី ៣៨,៩វ៉ុនដល់១.៩៣៤,១វ៉ុន។
នេះជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ និងប្រាំពីរខែដែលតម្លៃសាំងនៅទីក្រុងសេអ៊ូលបានលើសពីកម្រិត ១.៩០០វ៉ុន។ តម្លៃប្រេងម៉ាស៊ូតបានឡើងដល់កម្រិតកំណត់ចុងក្រោយកាលពីបីឆ្នាំ និងបីខែមុន គឺនៅក្នុងខែធ្នូឆ្នាំ២០២២។
នៅទូទាំងប្រទេស តម្លៃប្រេងសាំងជាមធ្យមបានកើនឡើង ២២វ៉ុនដល់ ១.៨៥៦,៣វ៉ុនក្នុងមួយលីត្រ ខណៈដែលតម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៣៣.៤វ៉ុន ដល់ជាមធ្យម ១.៨៦៣,៧វ៉ុន។
រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបង្កើតក្រុមការងារទូទាំងរដ្ឋាភិបាលដើម្បីតាមដានចលនាតម្លៃប្រេងឥន្ធនៈ និងរៀបចំវិធានការដែលមានទាំងអស់ ដើម្បីដោះស្រាយការកើនឡើងតម្លៃមិនប្រក្រតី៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





