រដ្ឋមន្រ្តីការបរទេសចិន៖ កិច្ចការងារការទូតនៅតែជាយុទ្ធសាស្ត្រឈានមុខនៃគោលនយោបាយការបរទេសរបស់ប្រទេសចិន
AKP ប៉េកាំង ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ -- នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងពេលនៃសម័យប្រជុំលើកទីបួននៃសមាជប្រជាជនជាតិលើកទី១៤ របស់ប្រទេសចិន ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦នៅទីក្រុងប៉េកាំងនាពេលនេះ លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសចិន បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ការទូតនៅកម្រិតខ្ពស់បំផុតបានក្លាយជាកិច្ចការងារនាំមុខនៃទម្រង់ថ្មីនៃកិច្ចសន្ទនាអន្តរជាតិ និងការសម្របសម្រួលរវាងប្រទេសធំៗនៅលើពិភពលោក។
យោងតាមលោក វ៉ាង យី បានឱ្យដឹងថា កិច្ចការងារការទូតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការបង្កើតយន្តការថ្មីនៃអន្តរកម្មសកលលោក ដែលទំនាក់ទំនងបែបនេះបានចូលរួមចំណែកដល់ការពង្រឹងការឯកភាពរបស់ប្រទេសនានានៅភាគខាងត្បូងសកលលោក និងបង្កើតជាសំឡេងដ៏រឹងមាំ និងស៊ីសង្វាក់គ្នាជាងមុនក្នុងការគាំទ្រដល់សន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានបន្ថែមថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កិច្ចការងារការទូត គឺជាមធ្យោបាយត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍការអនុវត្តថ្មីនៃកិច្ចសន្ទនា និងការសម្របសម្រួលរវាងបណ្តារដ្ឋឈានមុខគេ ដែលបានផ្តល់កម្លាំងចលករថ្មីដល់ភាពជាអ្នកជិតខាងល្អ និងមិត្តភាពល្អ ហើយវាក៏បានពង្រឹងបំណងប្រាថ្នារបស់ប្រទេសនានានៅភាគខាងត្បូងសកលលោកសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធផងដែរ។
យោងតាមលោករដ្ឋមន្រ្តី បានឱ្យដឹងថា ប្រទេសចិននឹងបន្តអភិវឌ្ឍទំនាក់ទំនងការទូតយ៉ាងសកម្មនៅកម្រិតខ្ពស់បំផុត ដោយរួមចំណែកដល់ការពង្រឹងស្ថិរភាពអន្តរជាតិ និងការលើកកម្ពស់គោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការស្មើភាពគ្នា៕
ដោយ៖ យា ចិន្ដាខន្ដី (រូបភាព៖ ស៊ីនហួ)





