អ្នកតាក់តែងច្បាប់របស់ប្រទេសចិនពិនិត្យឡើងវិញនូវសេចក្តីព្រាងក្រមបរិស្ថាន ក្នុងការជំរុញនីតិបញ្ញត្តិបៃតងដ៏សំខាន់
AKP ប៉េកាំង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ -- អ្នកតាក់តែងច្បាប់របស់ប្រទេសចិន បានចាប់ផ្តើមពិភាក្សាទៅលើសេចក្តីព្រាងក្រមបរិស្ថាន ដែលនឹងក្លាយជាដំណាក់កាលថ្មីមួយនៅក្នុងការស្វែងរកទំនើបកម្មនៃភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិរបស់ប្រទេស ដែលសេចក្តីព្រាងក្រមនេះត្រូវបានដាក់ជូនសម័យប្រជុំលើកទីបួននៃសមាជប្រជាជនជាតិលើកទី១៤ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេស សម្រាប់ការពិភាក្សានាពេលថ្មីៗនេះនៅក្នុងទីក្រុងប៉េកាំង។
នៅពេលដែលត្រូវបានអនុម័ត វានឹងក្លាយជាក្រមច្បាប់ផ្លូវការទីពីររបស់ប្រទេសចិន បន្ទាប់ពីក្រមរដ្ឋប្បវេណី ដែលត្រូវបានអនុម័តកាលពីក្នុងឆ្នាំ២០២០។
ការចងក្រងក្រមបរិស្ថាន ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣ គឺជា«ភារកិច្ចនយោបាយ និងនីតិបញ្ញត្តិដ៏សំខាន់មួយ ដែលត្រូវបានកំណត់ដោយគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) ដែលមានសមមិត្ត ស៊ី ជីនពីង ជាស្នូល»។ នេះបើយោងតាមការលើកឡើងរបស់លោក លី ហុងចុង(Li Hongzhong) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ NPC។ លោកបានបន្ថែមថា «វាតំណាងឱ្យភាពចាំបាច់សម្រាប់ការអនុវត្តគោលគំនិតរបស់លោក ស៊ី ជីនពីង ស្តីពីអរិយធម៌អេកូឡូស៊ី និងជំរុញទំនើបកម្មជាមួយនឹងភាពសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិ»។
ការអនុវត្តរបស់អង្គនីតិបញ្ញត្តិចិនចុងក្រោយបង្អស់នេះ កើតឡើងចំពេលដែលមានការរីកចម្រើនជាប្រវត្តិសាស្ត្ររបស់ប្រទេសចិនក្នុងការអភិរក្សបរិស្ថានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ដោយគាំទ្រដល់ការអភិវឌ្ឍបៃតង ប្រទេសចិនបានកត់ត្រានូវកំណើនលឿនបំផុតរបស់ពិភពលោកនៅក្នុងធនធានព្រៃឈើ និងការដាំដើមឈើឡើងវិញ ដែលនាំមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ និងសម្រេចបានការកាត់បន្ថយអាំងតង់ស៊ីតេថាមពលជាតិលឿនបំផុតមួយនៅលើពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (រូបភាព៖ ស៊ីនហួ)





