ប្រទេសចិនកំណត់គោលដៅកំណើនសេដ្ឋកិច្ចពី ៤,៥ ទៅ ៥ភាគរយសម្រាប់ឆ្នាំ ២០២៦
AKP ប៉េកាំង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពី ៤,៥ ទៅ ៥% សម្រាប់ឆ្នាំ២០២៦ ដោយមានគោលបំណងចាប់ផ្តើមដ៏ល្អសម្រាប់ផែនការប្រាំឆ្នាំលើកទី១៥ របស់ខ្លួនដែលកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពប្រាកដប្រជាដែលជាតម្រូវការយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោកដែលកំពុងប្រឈមនឹងបញ្ហា។
នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ដែលបានដាក់ជូនទៅសភានីតិបញ្ញត្តិកំពូលរបស់ប្រទេសនេះ បានឱ្យដឹងថា គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) គឺស្របគ្នាយ៉ាងល្អជាមួយនឹងគោលបំណងរយៈពេលវែងរបស់ប្រទេសចិនរហូតដល់ឆ្នាំ២០៣៥ និងស្របគ្នាជាមួយនឹងសក្តានុពលកំណើនរយៈពេលវែងនៃសេដ្ឋកិច្ចចិន។
លោក សេន ដានយ៉ាង (Shen Danyang) ប្រធានក្រុមការងារទទួលខុសត្រូវក្នុងការព្រាងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនសម្រាប់ឆ្នាំនេះ បាននិយាយថា គោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២៦ គឺមានភាពសកម្ម និងជាក់ស្តែង ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពក្នុងស្រុក និងការផ្លាស់ប្តូរនៅក្នុងបរិយាកាសខាងក្រៅ។
លោក សេន បាននិយាយថា ល្បឿននៃកំណើនដែលបានព្យាករណ៍ក៏នឹងស្ថិតក្នុងចំណោមកម្រិតល្បឿនកំណើនខ្ពស់បំផុតសម្រាប់បណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅទូទាំងពិភពលោកផងដែរ។
យោងតាមរបាយការណ៍នោះ បានឱ្យដឹងថា ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងខិតខំប្រឹងប្រែងឱ្យកាន់តែប្រសើរឡើងក្នុងការអនុវត្តទាក់ទងនឹងគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ហើយលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបានគោលដៅនេះ គឺមានស្រាប់រួចរាល់ហើយ៕
ដោយ៖ យា ចិន្ដាខន្ដី (រូបភាព៖ ស៊ីនហួ)





