អេមីរ៉ាតអារ៉ាប់រួមស្ទាក់ចាប់មីស៊ីលបាលីស្ទិកចំនួន ៦គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១២៥គ្រឿងពីអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលផ្លោងចំនួន៦គ្រាប់ និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ១២៥គ្រឿងពីប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចរបស់សហរដ្ឋអាមេរិកថា ការការពារដែនអាកាសបានរកឃើញមីស៊ីលផ្លោងចំនួន៧គ្រាប់ដោយបំផ្លាញមីស៊ីលចំនួន ៦គ្រាប់ ខណៈដែលមីស៊ីលមួយគ្រាប់បានធ្លាក់ចូលទៅក្នុងទឹកដីរបស់ប្រទេស។
ក្រសួងបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកចំនួន ១៣១គ្រឿងក៏ត្រូវបានរកឃើញផងដែរ ដោយមានយន្តហោះគ្មានមនុស្សបើកចំនួន១២៥គ្រាប់ត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ ខណៈដែលយន្តហោះគ្មានមនុស្សបើកចំនួន ៦គ្រឿងបានធ្លាក់នៅក្នុងប្រទេស។
ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ក្រសួងបាននិយាយថា ការការពារដែនអាកាសបានរកឃើញមីស៊ីលផ្លោងចំនួន ១៩៦គ្រាប់ ដោយបំផ្លាញមីស៊ីលចំនួន ១៨១គ្រាប់ ខណៈដែលមីស៊ីលចំនួន ១៣គ្រាប់បានធ្លាក់ចូលទៅក្នុងសមុទ្រ និង ២គ្រាប់បានធ្លាក់នៅក្នុងប្រទេស។
ក្រសួងក៏បានរាយការណ៍ផងដែរថា បានរកឃើញយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចំនួន ១០៧២គ្រឿងដែលក្នុងនោះ ១០០១គ្រឿងត្រូវបានស្ទាក់ចាប់បាន ខណៈដែល ៧១គ្រឿងបានធ្លាក់នៅក្នុងទឹកដីអេមីរ៉ាតអារ៉ាប់រួម។
ក្រសួងបានបន្ថែមថា មីស៊ីលបញ្ជាទិសចំនួន ៨គ្រាប់ក៏ត្រូវបានរកឃើញ និងបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសផងដែរ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស ៣នាក់ដែលមានសញ្ជាតិប៉ាគីស្ថាន នេប៉ាល់ និងបង់ក្លាដែស និងបានបន្សល់ទុកមនុស្ស ៩៤នាក់ផ្សេងទៀតរងរបួសស្រាល។
ក្រសួងបានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធ «នៅតែប្រុងប្រយ័ត្ននិងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងការគំរាមកំហែងណាមួយ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលព្យាយាមធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេស ដោយធានាការការពារអធិបតេយ្យភាព ស្ថិរភាព និងផលប្រយោជន៍ជាតិរបស់ខ្លួន»៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





