អ៊ីរ៉ង់៖ ខ្លួនបានបំផ្លាញទីតាំងភេរវករបំបែកខ្លួននៅជិតព្រំដែនភាគខាងលិច
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ -- ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានបំផ្លាញយ៉ាងច្រើននូវទីតាំង និងសម្ភារៈមួយចំនួនធំដែលជាកម្មសិទ្ធិរបស់ក្រុម «ភេរវករបំបែកខ្លួន» នៅជិតព្រំដែនភាគខាងលិចតាមរយៈប្រតិបត្តិការយោធា «បង្ការជាមុន»។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់IRNA បានឱ្យដឹងថា ក្រសួងបាននិយាយថា ក្រុមទាំងនោះបានព្យាយាម«រំលោភបំពាន» លក្ខខណ្ឌសង្គ្រាម និងជ្រៀតចូលប្រទេសអ៊ីរ៉ង់តាមរយៈព្រំដែនភាគខាងលិចដែលមានការគាំទ្រពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដោយមានគោលបំណងបើកការវាយប្រហារ «ភេរវកម្ម» នៅក្នុងតំបន់ទីក្រុង និងព្រំដែនរបស់អ៊ីរ៉ង់។
ដោយឡែក លោក ម៉ូហាមម៉ាដ រ៉េហ្សា រ៉េហ្សាអ៊ី (Mohammad-Reza Rezaei) អភិបាលខេត្តគូដេស្ថាននៃព្រំដែន Baneh ភាគខាងលិចប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធពាក្យចចាមអារ៉ាមអំពីការឈ្លានពានប្រឆាំងនឹង ឬការជ្រៀតចូលទៅក្នុងប្រទេសអ៊ីរ៉ង់ពីព្រំដែនរួមជាមួយខេត្តគូដេស្ថាន នៃតំបន់ពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់។
យោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់បានឱ្យដឹងថា អភិបាលខេត្តបាននិយាយថា សន្តិសុខត្រូវបានធានាតាមបណ្តោយព្រំដែនរបស់ខេត្តហើយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កំពុងការពារព្រំដែន ២៤ម៉ោង និងជាមួយនឹងការត្រៀមខ្លួនពេញលេញ។
កាលពីយប់ថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយេដ អាប់បាស់ អារ៉ាកជី (Seyed Abbas Araghchi) បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក បាហ្វែល ចាឡាល់ តាឡាបានី (Bafel Jalal Talabani) មេដឹកនាំសហភាពស្នេហាជាតិឃឺឌីស្ថាន ដែលជាក្រុមមួយដែលមានមូលដ្ឋាននៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺឌីស្ថានរបស់ប្រទេសអ៊ីរ៉ាក់។
អ្នកទាំងពីរបានពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់សន្តិសុខ និងស្ថិរភាពរួមតាមបណ្តោយព្រំដែនរួម។
ការវិវឌ្ឍទាំងនេះបានកើតឡើងនៅពេលដែលប្រតិបត្តិការយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចូលដល់ថ្ងៃទី៦ ។ ប្រតិបត្តិការនេះបានបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយបង្កឱ្យមានការដោះដូរមីស៊ីល ការស្លាប់ និងរបួសកើនឡើង និងផលវិបាកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





