លោក គីម ដឹកនាំការសាកល្បងមីស៊ីលយុទ្ធសាស្ត្រពីនាវាពិឃាតថ្មី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jong-un) បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីនាវាពិឃាតថ្មីមួយគ្រឿងមុនពេលដាក់ឱ្យប្រើប្រាស់ ដោយលោកបានកត់សម្គាល់ថា ការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹកកំពុងមាន «វឌ្ឍនភាពគួរឱ្យពេញចិត្ត»។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម បានត្រួតពិនិត្យនាវា Choe Hyon នៅកន្លែងផលិតនាវាមួយក្នុងកំពង់ផែ Nampho ភាគខាងលិចកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដើម្បីពិនិត្យមើលការហ្វឹកហ្វឺនប្រយុទ្ធរបស់សមាជិកនាវិក និងវាយតម្លៃសមត្ថភាពប្រតិបត្តិការរបស់ខ្លួន។
លោក គីម បានត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រពីសមុទ្រទៅដីពីនាវាពិឃាតកាលពីថ្ងៃពុធ ដោយវាយតម្លៃការសាកល្បងនេះជាធាតុ «ស្នូល» នៃសមត្ថភាពប្រតិបត្តិការរបស់នាវាចម្បាំង។ ការលើកឡើងរបស់កូរ៉េខាងជើងអំពីអាវុធ «យុទ្ធសាស្ត្រ» បង្ហាញថា ពួកវាអាចមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ។
កាលពីខែមេសា ឆ្នាំមុន កូរ៉េខាងជើងបានបង្ហាញនាវា Choe Hyon ដែលជានាវាពិឃាតពហុបំណងទម្ងន់ ៥.០០០តោន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនអំណាចកងទ័ពជើងទឹករបស់ខ្លួន។ បន្ទាប់ពីត្រួតពិនិត្យការបាញ់សាកល្បងនាវាកាលពីថ្ងៃអង្គារ មេដឹកនាំកូរ៉េខាងជើងបានលើកឡើងអំពីនាវាពិឃាតនេះថាជា «និមិត្តរូបថ្មីនៃសមត្ថភាពការពារសមុទ្រ»។
យោងតាមការដកស្រង់សម្តីរបស់លោក គីម ដោយទីភ្នាក់ងារ KCNAបានឱ្យដឹងថា «កងកម្លាំងកងទ័ពជើងទឹករបស់យើងសម្រាប់វាយប្រហារពីក្រោមទឹក និងពីលើទឹកនឹងកើនឡើងយ៉ាងឆាប់រហ័ស។ ការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹកកំពុងមានវឌ្ឍនភាពគួរឱ្យពេញចិត្ត»។
មេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យសាងសង់នាវាចម្បាំងលើផ្ទៃទឹកចំនួន ២គ្រឿងដែលមានថ្នាក់ដូចគ្នា ឬខ្ពស់ជាងនេះជារៀងរាល់ឆ្នាំក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
កាលពីខែមិថុនា ឆ្នាំមុន កូរ៉េខាងជើងបានបាញ់បង្ហោះនាវាពិឃាតទម្ងន់៥.០០០តោនមួយទៀតគឺនាវា Kang Kon បន្ទាប់ពីនាវានេះបានក្រឡាប់ក្នុងអំឡុងពេលប៉ុនប៉ងបាញ់បង្ហោះលើកដំបូងកាលពីខែមុន។ កូរ៉េខាងជើងបានពង្រឹងកម្លាំងកងទ័ពជើងទឹកជាមួយនឹងផែនការសាងសង់នាវាចម្បាំងថ្មីមួយគ្រឿងដែលមានថ្នាក់ដូចគ្នានៅខែតុលា ឆ្នាំ២០២៦៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





