មនុស្សជាង ២០០នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បាននិយាយកាលពីថ្ងៃពុធថា មនុស្សជាង២០០នាក់បានស្លាប់កាលពីថ្ងៃអង្គារ នៅក្នុងហេតុការណ៍បាក់អណ្តូងរ៉ែមួយកន្លែងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងរ៉ែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅកន្លែងជីករ៉ែ Rubaya ដែលត្រូវបានគេស្គាល់ថាមានធនធានរ៉ែ coltan ក្នុងខេត្តណសគីវូ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមិនធម្មតា។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា តំបន់ជីករ៉ែ Rubaya ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមចលនា March 23 (M23) ចាប់តាំងពីឆ្នាំ២០២៤ ដែលធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះមានការលំបាកជាពិសេស។
ក្រសួងបានកត់សម្គាល់ថា តំបន់ជីករ៉ែនេះពីមុនត្រូវបានចាត់ថ្នាក់ឡើងវិញចាប់តាំងពីខែវិច្ឆិកាជា «តំបន់ក្រហម» ដែលជាការកំណត់ដែលហាមឃាត់ជាផ្លូវការនូវការជីកយករ៉ែ និងការជួញដូររ៉ែ។
លោក ដាវីដ កាសេរេកា (David Kasereka) ដែលជាអ្នកជីករ៉ែ និងជាអ្នករស់នៅតំបន់ជីករ៉ែ Rubaya បានប្រាប់សារព័ត៌មាន Xinhua កាលពីថ្ងៃអង្គារថា «ពិតជាមានហេតុការណ៍រអិលបាក់ដីបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំដែលគេស្គាល់ថាភ្នំកាសាសា។ ដីបានលេបមនុស្សអស់ជាច្រើននាក់»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





