អ្នកនាំពាក្យ៖ ប្រទេសចិននឹងបង្កើតច្បាប់ស្តីពីសេវាថែទាំកុមារ
AKP ប៉េកាំង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- អ្នកតាក់តែងច្បាប់ចិនគ្រោងនឹងបង្កើតច្បាប់ ស្តីពីសេវាថែទាំកុមារនៅឆ្នាំនេះ ដែលមានគោលបំណងបញ្ជូនធនធានបន្ថែមទៀតទៅក្នុងវិស័យជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការប្រើប្រាស់។ នេះបើយោងតាមលោក លូ គីនជាង (Lou Qinjian)អ្នកនាំពាក្យសម្រាប់សម័យប្រជុំលើកទីបួននៃសមាជប្រជាជនជាតិចិន(NPC) លើកទី១៤ នៅក្នុងសន្និសីទសារព័ត៌មានមួយមុនពេលបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីក្រុងប៉េកាំង។
អ្នកនាំពាក្យរូបនេះ បាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍ NPC ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាតិ ក៏នឹងអនុម័តច្បាប់ ស្តីពីជំនួយសង្គម និងការធានារ៉ាប់រងសុខភាពផងដែរ។
លោក លូ បានបន្ថែមថា ក្នុងអំឡុងឆ្នាំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍NPC នឹងធ្វើការត្រួតពិនិត្យទៅលើការកសាងទីផ្សារក្នុងស្រុក និងជំរុញការរស់ឡើងវិញនៃតំបន់ជនបទគ្រប់ជ្រុងជ្រោយនៅក្នុងប្រទេសចិន។
ដោយ៖ យា ចិន្ដាខន្ដី (រូបភាព៖ ក្រសួងការបរទេស)





