កាហ្សាក់ស្ថាននឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធហ្វឹកហ្វឺនប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍របស់សារព័ត៌មាន Kazinform កាលពីថ្ងៃចន្ទ បានឱ្យដឹងថា ប្រទេសកាហ្សាក់ស្ថាននឹងកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនប្រយុទ្ធរបស់ខ្លួនឡើងវិញ ចំពេលមានការផ្លាស់ប្តូរមួយចំនួនចំពោះកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំបញ្ជាការដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឌូរេន កូសានូវ (Dauren Kosanov) នៅសាកលវិទ្យាល័យការពារជាតិ។
កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីការពង្រឹងសមយុទ្ធជាក់ស្តែង ការណែនាំលក្ខណៈវិនិច្ឆ័យរួមដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់អង្គភាព ការរៀបចំរចនាសម្ព័ន្ធអង្គភាពឈ្លបយកការណ៍ឡើងវិញ និងការដាក់ឱ្យដំណើរការប្រព័ន្ធវាយតម្លៃរួមដើម្បីធានាបាននូវការវាយតម្លៃគោលបំណងនៃការត្រៀមខ្លួនប្រយុទ្ធ ជាមួយនឹងការផ្តោតសំខាន់បន្ថែមលើសីលធម៌មន្ដ្រី និងប្រព័ន្ធគាំទ្រទំនើបៗ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





