ចិនអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការយោធា បន្ទាប់ពីការវាយប្រហារលើអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ប្រតិបត្តិការយោធា និងទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃជម្លោះ។
លោកស្រី ម៉ៅ បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានសងសឹកដោយការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើទីតាំងយោធាអាម៉េរិកនៅក្នុងរដ្ឋក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនិងប្រទេសដទៃទៀត បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) កាលពីថ្ងៃសៅរ៍។
លោកស្រី ម៉ៅ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរំលោភលើច្បាប់អន្តរជាតិ។
លោកស្រីបាននិយាយថា «ប្រទេសចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃជម្លោះដែលប៉ះពាល់ដល់ប្រទេសជិតខាង»។លោកស្រីបាននិយាយថា ប្រទេសចិនជឿជាក់ថា អធិបតេយ្យភាព សន្តិសុខនិងបូរណភាពទឹកដីរបស់ប្រទេសឈូងសមុទ្រទាំងអស់ក៏គួរតែត្រូវបានគោរពយ៉ាងពេញលេញផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





