សមត្ថភាពផ្ទុកទំនិញនៅក្នុងកំពង់ផែរុស្ស៊ីនឹងកើនឡើងជាង ១៧៥លានតោននៅឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ -- លោក វីតាលី សាវេលយ៉េវ (Vitaly Savelyev) ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា សមត្ថភាពផ្ទុកទំនិញនៅក្នុងកំពង់ផែរបស់រុស្ស៊ីនឹងកើនឡើងជាង១៧៥លានតោននៅឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។
លោក សាវេលយ៉េ បាននិយាយថា ការពង្រីកនេះគឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល ដែលមានគោលបំណងបង្កើនចរាចរណ៍ទំនិញតាមបណ្តោយច្រករបៀងដឹកជញ្ជូនអន្តរជាតិចំនួន ១,៥ដងនៅឆ្នាំ២០៣០ ពីកម្រិតឆ្នាំ២០២១។
លោកបានមានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះបានមើលឃើញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងច្រករបៀងសំខាន់ៗចំនួនប្រាំ រួមទាំងច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូង ច្រករបៀងអាហ្សូវ-សមុទ្រខ្មៅ និងច្រករបៀងខាងកើត។
យោងតាមការព្យាករណ៍ជាផ្លូវការបានឱ្យដឹងថា ការនាំចេញ និងការដឹកជញ្ជូនផលិតផលប្រេងឥន្ធនៈ និងថាមពល ត្រូវបានគេរំពឹងថានឹងកើនឡើង ២៥% នៅឆ្នាំ២០៣០ ខណៈដែលការនាំចេញកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើង ៧៤% និងការនាំចេញឧស្សាហកម្មចំនួន ២៤% ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





