កូរ៉េខាងត្បូងរាយការណ៍ពីករណីជំងឺផ្តាសាយបក្សីថ្មីចំនួន ១ករណី និងចំនួនសរុបកើនឡើងដល់ ៥១ករណី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ -- យោងតាមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ករណីបន្ថែមមួយទៀតនៃជំងឺផ្តាសាយបក្សីបង្កជំងឺខ្ពស់ (HPAI) នៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងភាគខាងជើងទីក្រុងសេអ៊ូល ដែលនាំឱ្យចំនួនករណីសរុបដែលបានរាយការណ៍នៅរដូវកាលនេះកើនដល់ ៥១ ករណី។
យោងតាមទីស្នាក់ការកណ្តាលវិធានការទប់ស្កាត់គ្រោះមហន្តរាយ និងសុវត្ថិភាពកណ្តាល បានឱ្យដឹងថា ករណីចុងក្រោយបំផុតត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងក្នុងទីក្រុងប៉ូឆុន មានចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី។
មន្ត្រីបាននិយាយថា អាជ្ញាធរបានរឹតត្បិតការចូលទៅកាន់កសិដ្ឋានដែលរងផលប៉ះពាល់ បានចាប់ផ្តើមសម្លាប់សត្វបក្សី និងបានចាប់ផ្តើមការស៊ើបអង្កេតលើរោគរាតត្បាត។
ពួកគេបានបន្ថែមថា បទបញ្ជាផ្អាករយៈពេល ២៤ម៉ោងក៏ត្រូវបានដាក់លើកសិដ្ឋានចិញ្ចឹមមាន់នៅក្បែរនោះ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃវីរុស។
រដ្ឋាភិបាលបានជំរុញឱ្យកសិដ្ឋានគោរពយ៉ាងតឹងរ៉ឹងនូវវិធានការចត្តាឡីស័ក និងអនាម័យ រួមទាំងការគ្រប់គ្រង ការចូលទៅកាន់ទីតាំង និងការសម្លាប់មេរោគយ៉ាងហ្មត់ចត់ ចំពេលមានការធ្វើចំណាកស្រុកតាមរដូវរបស់សត្វបក្សីព្រៃនៅចុងរដូវរងា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





