កូរ៉េខាងជើងបញ្ជូនអាវុធចំនួន ៣៣.០០០កុងតឺន័រទៅកាន់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ -- យោងតាមអង្គភាពចារកម្មយោធាមួយបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងត្រូវបានគេជឿថាបានដឹកជញ្ជូនកុងតឺន័រផ្គត់ផ្គង់យោធាប្រហែល ៣៣.០០០កុងតឺន័ររួមទាំងអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃការគាំទ្ររបស់ខ្លួនចំពោះទីក្រុងមូស្គូក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
ទីភ្នាក់ងារចារកម្មការពារជាតិ (DIA) ក្រោមក្រសួងការពារជាតិបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានដាក់ជូនតំណាងលោក កាង ដេស៊ីក (Kang Dae-sik) នៃគណបក្សអំណាចប្រជាជនដែលជាគណបក្សប្រឆាំងដ៏សំខាន់ថា បរិមាណដែលដឹកជញ្ជូនទាក់ទងនឹងគ្រាប់រំសេវ អាចមានចំនួនជាង ១៥លានគ្រាប់ទាក់ទងនឹងគ្រាប់កាំភ្លើងធំទំហំ ១៥២មីលីម៉ែត្រ។
ការវាយតម្លៃនេះបង្ហាញពីការកើនឡើងពីការប្រកាសរបស់ទីភ្នាក់ងារDIA កាលពីខែកក្កដាឆ្នាំមុនថា កុងតឺន័រផ្គត់ផ្គង់យោធាប្រហែល២៨.០០០កុងតឺន័រត្រូវបានដឹកជញ្ជូនពីប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។
កូរ៉េខាងជើងត្រូវបានគេដឹងថាភាគច្រើនបានប្រើប្រាស់កំពង់ផែ Rajin នៅជិតព្រំដែនជាមួយរុស្ស៊ី ដើម្បីដឹកជញ្ជូនកុងតឺន័រទាំងនោះតាមផ្លូវសមុទ្រ។
ការិយាល័យរបស់លោក កាង បាននិយាយថា ប្រទេសកូរ៉េខាងជើងក៏ត្រូវបានគេជឿថាបានផ្គត់ផ្គង់កាំភ្លើងធំចំនួន ២២០ដើម រួមទាំងកាំភ្លើងធំស្វ័យប្រវត្តិទំហំ ១៧០មីលីម៉ែត្រ និងកាំភ្លើងបាញ់រ៉ុក្កែតច្រើនគ្រាប់ទំហំ២៤០មីលីម៉ែត្រ ដោយដកស្រង់របាយការណ៍ពីទីភ្នាក់ងារ DIA។
លើសពីនេះ កូរ៉េខាងជើងត្រូវបានគេសន្មត់ថាកំពុងដឹកជញ្ជូនអាវុធផ្សេងទៀត រួមទាំងគ្រាប់ផ្លោងទំហំ ១២២មីលីម៉ែត្រ និង ១៥២មីលីម៉ែត្រ មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងរ៉ុក្កែតប្រឆាំងរថក្រោះទៅកាន់ប្រទេសរុស្ស៊ី។
យោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារ DIA បានឱ្យដឹងថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មក ប្រទេសកូរ៉េខាងជើងបានបញ្ជូនកងទ័ពជាង១៦.០០០នាក់ដើម្បីគាំទ្ររុស្ស៊ីក្នុងសង្គ្រាម។ ក្នុងចំណោមពួកគេ មានប្រហែល ១.០០០នាក់បានវិលត្រឡប់មកផ្ទះវិញនៅខែធ្នូ ប៉ុន្តែពួកគេទំនងជានឹងត្រូវដាក់ពង្រាយឡើងវិញទៅកាន់ប្រទេសរុស្ស៊ី។
ប្រទេសកូរ៉េខាងជើង និងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ការទូត និងសេដ្ឋកិច្ចចាប់តាំងពីចុះហត្ថលេខាលើកតិកាសញ្ញាទ្វេភាគីក្នុងខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ DIA៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





