បញ្ជាការកណ្តាល៖ កងកម្លាំងអាម៉េរិកវាយប្រហារនាវាចម្បាំងអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- កងកម្លាំងអាម៉េរិកបានវាយប្រហារនាវាចម្បាំងថ្នាក់ Jamaran របស់អ៊ីរ៉ង់មួយគ្រឿងនៅលើឈូងសមុទ្រអូម៉ង់ ក្នុងអំឡុងពេលនៃដំណាក់កាលបើកប្រតិបត្តិការ Epic Fury។ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក(CENTCOM) បាននិយាយនៅថ្ងៃអាទិត្យនេះ។
ទីភ្នាក់ងារនេះបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា«នាវានេះកំពុងលិចទៅបាតឈូងសមុទ្រអូម៉ង់នៅកំពង់ផែ Chah Bahar»។
អ៊ីរ៉ង់មិនទាន់បានបញ្ជាក់ពីការវាយប្រហារនេះនៅឡើយទេ។
ការប្រកាសនេះបានកើតឡើងនៅពេលដែលការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់បានចូលដល់ថ្ងៃទីពីរ។ ប្រតិបត្តិការរួមគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នេះ បានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ រួមទាំងមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេណី(Ayatollah Ali Khamenei)។
ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលដែលកំណត់គោលដៅលើប្រទេសឈូងសមុទ្រជាច្រើន។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឹឈី (Abbas Araghchi) បាននិយាយនៅថ្ងៃអាទិត្យនេះថា មេដឹកនាំកំពូលថ្មីអាចត្រូវបានជ្រើសរើសក្នុងពេលឆាប់ៗនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





