កងទ័ពអ៊ីស្រាអែលបើកការវាយប្រហារថ្មីលើរដ្ឋធានីអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- កងទ័ពអ៊ីស្រាអែលបាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសថ្មីមួយលើកទៀត ដែលផ្តោតសំខាន់ទៅលើរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា«កងទ័ពអាកាសអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារជាច្រើនលើកនៅក្នុងចំណុចកណ្តាលនៃទីក្រុងតេអេរ៉ង់»។
សំឡេងផ្ទុះជាច្រើនត្រូវបានគេឮនៅក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីការប្រកាសរបស់យោធាអ៊ីស្រាអែល។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ជាច្រើននាក់ រួមទាំងមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei)។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលជាបន្តបន្ទាប់ ដែលកំណត់គោលដៅលើអ៊ីស្រាអែល ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក និងប្រទេសឈូងសមុទ្រមួយចំនួន។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារស្រដៀងគ្នានេះទៅលើអ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅ ដែលបង្កឱ្យមានសង្គ្រាមរយៈពេល ១២ថ្ងៃ មុនពេលបទឈប់បាញ់ត្រូវបានប្រកាស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





