រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីជាប់គាំងនៅទីក្រុងឌូបៃ ខណៈដែលជើងហោះហើរត្រូវបានផ្អាក បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- យោងតាមទីភ្នាក់ងារសារព័ត៌មាន ANSA បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក ហ្គូដូ ក្រូសេតតូ (Guido Crosetto) បានជាប់គាំងនៅនៅទីក្រុងឌូបៃជាមួយក្រុមគ្រួសាររបស់លោក ដោយសារតែការផ្អាកជើងហោះហើរជាបណ្តោះអាសន្ន បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។
លោក ក្រូសេតតូ បានធ្វើដំណើរតាមជើងហោះហើរស៊ីវិលពីទីក្រុងរ៉ូមកាលពីថ្ងៃអាទិត្យ ដើម្បីទៅជួបជុំក្រុមគ្រួសាររបស់លោក ដោយមានគម្រោងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញជាមួយគ្នា។
ចរាចរណ៍ផ្លូវអាកាសនៅក្នុងតំបន់ត្រូវបានផ្អាក ដោយសារតែមានការព្រួយបារម្ភអំពីសន្តិសុខកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហារទាំងនោះ ដែលរារាំងការវិលត្រឡប់វិញរបស់លោករដ្ឋមន្ត្រី។
អាជ្ញាធរអ៊ីតាលីកំពុងតាមដានស្ថានការណ៍ ខណៈដែលពួកគេកំពុងរង់ចាំការបន្តជើងហោះហើរឡើងវិញ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាទៅលើប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍ ដោយអះអាងថា ខ្លួនមានបំណងលុបបំបាត់ «ការគំរាមកំហែង» ដែលបង្កឡើងដោយ «របប» របស់អ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍តាមវីដេអូដាច់ដោយឡែកត្រូវបានចេញផ្សាយដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានបង្ហើបពីការគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្រាប់ការផ្លាស់ប្តូររដ្ឋាភិបាលនៅទីក្រុងតេអេរ៉ង់។
អ៊ីរ៉ង់បានហៅការវាយប្រហារទាំងនោះថា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបានបើកការវាយប្រហារសងសឹក៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





