បេសកជនអាម៉េរិកប្រាប់អង្គការសហប្រជាជាតិថា សុវត្ថិភាពរបស់សម្ព័ន្ធមិត្តរបស់យើង «មិនមែនជាលក្ខខណ្ឌទេ»
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- សហរដ្ឋអាមេរិកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា សុវត្ថិភាពរបស់សម្ព័ន្ធមិត្តរបស់ខ្លួន គឺ «មិនមានលក្ខខណ្ឌ» ទេ ខណៈដែលខ្លួនបានការពារការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់ ។
លោក ម៉ៃក៍ វ៉លត៍ (Mike Waltz) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា «ការបន្តស្វែងរកសមត្ថភាពមីស៊ីលទំនើបរបស់អ៊ីរ៉ង់ រួមជាមួយនឹងការបដិសេធមិនបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ បើទោះបីជាមានឱកាសការទូតក៏ដោយ ក៏បង្ហាញពីគ្រោះថ្នាក់ធ្ងន់ធ្ងរ និងកើនឡើងភាពតានតឹងដែរ»។
ដោយបញ្ជាក់សារជាថ្មីនូវជំហររបស់ទីក្រុងវ៉ាស៊ីនតោនទៅលើការទទួលបានអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោកបាននិយាយថា «សហគមន៍អន្តរជាតិបានបញ្ជាក់ជាយូរមកហើយនូវគោលការណ៍សាមញ្ញ និងចាំបាច់មួយ គឺអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ»។
លោកបានបន្ថែមថា «គោលការណ៍នោះមិនមែនជាបញ្ហានយោបាយទេ។ វាជាបញ្ហាសន្តិសុខសកលលោក ហើយដើម្បីសម្រេចគោលដៅនោះ សហរដ្ឋអាមេរិកកំពុងចាត់វិធានការស្របច្បាប់»។
លោក វ៉លត៍ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានខិតខំប្រឹងប្រែងការទូតម្តងហើយម្តងទៀតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប៉ុន្តែលោកបានស្តីបន្ទោសអ៊ីរ៉ង់ចំពោះការបរាជ័យរបស់ពួកគេក្នុងការអនុវត្តតាម។
លោកបាននិយាយថា «ការទូតអាម៉េរិកត្រូវបានប៉ុនប៉ងម្តងហើយម្តងទៀត និងដោយសុច្ឆន្ទៈ។ ការទូតមិនអាចទទួលបានជោគជ័យនៅកន្លែងដែលគ្មានឆន្ទៈពិតប្រាកដក្នុងការបញ្ឈប់ការឈ្លានពាន និងកន្លែងដែលគ្មានដៃគូពិតប្រាកដសម្រាប់សន្តិភាពនោះទេ»។
ដោយលើកឡើងពីការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងដៃគូក្នុងតំបន់ រួមមានប្រទេសគុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន កាតា និងហ្ស៊កដានី លោក វ៉លត៍ បាននិយាយថា សកម្មភាពទាំងនោះបង្ហាញពីមូលហេតុដែលវិធានការរបស់សហរដ្ឋអាមេរិក គឺជាការចាំបាច់។
លោកបាននិយាយថា «អ្នកដែលឈរជាមួយយើងត្រូវតែដឹងថា សន្តិសុខរបស់ពួកគេមិនអាចចរចាបានទេ។ សុវត្ថិភាពរបស់សម្ព័ន្ធមិត្តរបស់យើងមិនមានលក្ខខណ្ឌទេ។ វាត្រូវតែត្រូវបានធានា»។
លោកបានបន្ថែមថា «សន្តិភាពមិនត្រូវបានថែរក្សាដោយការលួងលោមអ្នកដែលគំរាមកំហែងវានោះទេ។ សន្តិភាពត្រូវបានថែរក្សាតាមរយៈកម្លាំងក្នុងការប្រឈមមុខនឹងភេរវកម្ម ហើយដោយនិយាយថា លោកប្រធានាធិបតី ត្រាំ បានចាត់វិធានការដ៏ម៉ឺងម៉ាត់នោះនៅថ្ងៃនេះ»។
សម័យប្រជុំបន្ទាន់ដែលបានស្នើសុំដោយប្រទេសបារាំង បារ៉ែន ចិន រុស្ស៊ី និងកូឡុំប៊ី បានកើតឡើងបន្ទាប់ពីការវាយប្រហារយោធាចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





