មន្ត្រីអ៊ីរ៉ង់ ៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- មន្ត្រីអ៊ីរ៉ង់ប្រហែល ៤០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News ដោយដកស្រង់ប្រភពអនាមិក។
សារព័ត៌មាន Fox News ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយផងដែរថា ការវាយប្រហារកាលពីថ្ងៃសៅរ៍បានសម្លាប់មន្ត្រីសន្តិសុខជាន់ខ្ពស់ និងមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ជាង ៤០នាក់ ដោយបានកត់សម្គាល់ថា មេដឹកនាំកំពូលអ៊ីរ៉ង់ចំនួនពី ៥នាក់ ទៅ ១០នាក់ក៏ត្រូវបានសម្លាប់ផងដែរ ដោយរួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) ដែលកំពុងជួបប្រជុំគ្នានៅបរិវេណមួយក្នុងទីក្រុងតេអេរ៉ង់។
កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលប្រកាសពីការស្លាប់របស់លោក ខាមេណី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា យុទ្ធនាការយោធាដ៏ធំប្រឆាំងនឹងអ៊ីរ៉ង់នឹងនៅតែបន្ត។
លោក ត្រាំ បានថ្លែងនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «បើទោះជាយ៉ាងណាក៏ដោយ ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងច្បាស់លាស់នឹងនៅតែបន្ត ដោយគ្មានការរំខានពេញមួយសប្តាហ៍ ឬដរាបណាមានការចាំបាច់»៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





