សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រគល់សេចក្តីសម្រេចដល់ក្លឹបជីរ៉ាន់-កម្ពុជាឱ្យក្លាយជាក្លឹបពេញសិទ្ធិទី៨ ក្នុងការរួមចំណែកអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦--សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសទទួលស្គាល់សមាសភាពក្លឹបថ្មីមួយទៀត គឺក្លឹបជីរ៉ាន់-កម្ពុជាឱ្យចូលជាសមាជិកពេញសិទ្ធិទី៨ ក្នុងចំណោមសមាគម-ក្លឹបនានារបស់សហព័ន្ធ ដើម្បីបន្តរួមចំណែកអភិវឌ្ឍជំនាញកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពិធីប្រគល់-ទទួលសេចក្តីសម្រចទទួលស្គាល់ក្លឹបថ្មីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធតំណាងលោកឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា លោកស្រីមានក្តីសោមនស្សរីករាយ ដែលសហព័ន្ធបានចេញសេចក្តីសម្រេចទទួលស្គាល់របស់ក្លឹបជីរ៉ាន់-កម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ ការចូលរួមជាសមាជិករបស់ក្លឹប-សមាគមនានា គឺជាគោលការណ៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាគោលការណ៍សហព័ន្ធកីឡាជាតិនានា ដែលត្រូវមានក្លឹប-សមាគម ចូលរួមជាសមាជិកពេញសិទ្ធិតាមគោលការណ៍នីតិវិធីផ្លូវច្បាប់របស់កីឡាជាតិ។

លោកស្រីអនុប្រធានបន្ថែមថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយ ក្នុងចំណោមសហព័ន្ធកីឡាជាតិជាច្រើនទៀត ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំណែកអន្តរជាតិវិញ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី និងសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក។ ដោយពិនិត្យឃើញថា ក្លឹបជីរ៉ាន់-កម្ពុជាបានស្នើចូលជាសមាជិករបស់សហព័ន្ធ និងស្របតាមគោលការណ៍កីឡាជាតិ និងបានពិនិត្យឃើញថា ក្លឹបជីរ៉ាន់-កម្ពុជាបានបំពេញតាមបែបបទផ្សេងៗតាមនិតិវិធីកីឡាជាតិ ដូច្នេះសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាសម្រេចឱ្យក្លឹបជីរ៉ាន់-កម្ពុជាចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។
ជាមួយគ្នានេះលោកស្រី បេង ប៊ុននេត បានស្នើឱ្យក្លឹបថ្មីនេះត្រូវបន្តការសហការគ្នាឱ្យបានល្អថែមទៀត រវាងសហព័ន្ធ និងក្លឹប ដើម្បីលើកកម្ពស់សុខភាពសាធារណៈស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឱ្យ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។ ខិតខំបន្តប្រមូលផ្តុំកីឡាករ កីឡាការិនី ដែលជា មហាជនគ្រប់វ័យ ដើម្បីហ្វឹកហាត់កីឡា ដោយចាប់ផ្តើមពីការដើរ ការរត់ មុនឈានទៅដល់កីឡាជិះកង់ និងហែលទឹក ដែលជាវិញ្ញាសារបស់កីឡាទ្រីយ៉ាត្លុង។ ទោះបីការហ្វឹកហាត់ក្នុងគោលបំណងចម្បងដើម្បីសុខភាព មិនសំដៅលើអាជីព (ជាកីឡាករជម្រើសជាតិ) ប៉ុន្តែប្រសិនបើអាចហ្វឹកហាត់ជារបៀបកីឡាទ្រីយ៉ាត្លុងបាន (ហែលទឹក+ជិះកង់+រត់ប្រណាំង) នោះបានន័យថា យើងជាមនុស្សដែលមានរាងកាយមាំមួន មានសុខភាពល្អ ព្រោះអ្នកលេងកីឡាទ្រីយ៉ាត្លុងបាន គឺជាមនុស្សដែលខ្លាំងគ្រប់ផ្នែកទាំងអស់។

ជាមួយគ្នានេះកញ្ញា យ៉ាន់ សុជី ប្រធានក្លឹបជីរ៉ាន់-កម្ពុជាបានបង្ហាញក្តីរីករាយ ដែលទទួលការចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការផ្តល់ឱកាសដ៏វិសេសវិសាលនេះ ប្រធានក្លឹបរូបនេះបានប្តេជ្ញាចិត្តថា គោរពតាមបទដ្ឋានបច្ចេកទេស៖ នឹងអនុវត្តតាមរាល់បទបញ្ជាបច្ចេកទេស និងលក្ខន្តិកៈដែលកំណត់ដោយសហព័ន្ធ ក្នុងស្មារតីលើកកម្ពស់វិស័យកីឡាទ្រីយ៉ាត្លុង នៅកម្ពុជា។ ពង្រឹងសាមគ្គីភាព និងក្រមសីលធម៌វិជ្ជាជីវៈ៖ បណ្តុះបណ្តាលសមាជិកឱ្យមានវិន័យខ្ពស់ សីលធម៌ល្អ និងសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាជាមួយសមាជិកនៃក្លឹបដទៃទៀតដែលចំណុះឱ្យសហព័ន្ធ។ ចូលរួមសកម្មភាពសហព័ន្ធ៖ ប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងរាល់ព្រឹត្តិការណ៍ កម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សេងៗដែលរៀបចំដោយសហព័ន្ធ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួម។ ការផ្សព្វផ្សាយជាវិជ្ជមាន៖ នឹងជួយផ្សព្វផ្សាយពីសកម្មភាពរបស់សហព័ន្ធ ក្នុងន័យជំរុញឱ្យមហាជនកាន់តែយល់ដឹង និងស្រឡាញ់កីឡា ដើម្បីសុខភាព និងមិត្តភាព៕
ដោយ ហេង ណាលីន





