មីស៊ីលផ្លោង ៦៥គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ១២គ្រឿង ត្រូវបានស្ទាក់ចាប់ក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ដោយបណ្តាលឱ្យមានអ្នករបួស ៨នាក់
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសកាតាបានប្រកាសថា មីស៊ីលផ្លោងចំនួន ៦៥គ្រាប់ និងយន្តហោះគ្មានមនុស្សបើក (UAV) ចំនួន ១២គ្រឿង ត្រូវបានស្ទាក់ចាប់បាននៅក្នុងការវាយប្រហារសងសឹកដែលធ្វើឡើងដោយអ៊ីរ៉ង់ប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបណ្តាលឱ្យមនុស្ស ០៨នាក់រងរបួស។
មន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងការបរទេសកាតា បានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារពីអ៊ីរ៉ង់នៅក្នុងសន្និសីទសារព័ត៌មានមួយ។
ក្រសួងការពារជាតិបានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ក្រសួងបាននិយាយថា បើទោះបីជាមានការវាយប្រហារខ្លាំង និងវិធីសាស្រ្តរបស់ពួកគេពីទិសដៅជាច្រើនក៏ដោយ ក៏ប្រព័ន្ធការពារជាតិបានបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់ខ្លួនដែរ។
ក្រសួងបានបញ្ជាក់ថា មីស៊ីលផ្លោងចំនួនពីរគ្រាប់បានវាយប្រហារមូលដ្ឋានយោធា Al-Udeid ដែលដំណើរការដោយសហរដ្ឋអាមេរិក ខណៈដែលយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានកំណត់គោលដៅលើការដំឡើងរ៉ាដាព្រមានជាមុន។ មន្ត្រីបានសង្កត់ធ្ងន់ថា មិនមានអ្នកស្លាប់នោះទេ។
ក្រសួងក៏បានជំរុញឱ្យប្រជាពលរដ្ឋ អ្នកស្រុក និងអ្នកទេសចររក្សាភាពស្ងប់ស្ងាត់ អនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងជៀសវាងការផ្សព្វផ្សាយ ឬជឿព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់។
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃបានទទួលរបាយការណ៍ចំនួន១១៤ ដែលទាក់ទងនឹងបំណែកគ្រាប់បែកធ្លាក់ ហើយបានបញ្ជាក់ថា មនុស្ស ០៨នាក់បានរងរបួស ដែលក្នុងនោះម្នាក់រងរបួសធ្ងន់ធ្ងរ។
មន្ត្រីក្រសួងបាននិយាយបន្ថែមថា វិធានការដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការពារកន្លែងសំខាន់ៗនៅតែមានជាធរមាន ហើយពលរដ្ឋគួរពឹងផ្អែកលើព័ត៌មានពីអាជ្ញាធរផ្លូវការ។
ក្រសួងការបរទេសបានពិពណ៌នាការវាយប្រហាររបស់អ៊ីរ៉ង់ថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិរបស់ខ្លួន ជាការរំលោភដោយផ្ទាល់លើសន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន។
ក្រសួងបានគូសបញ្ជាក់ថា ការវាយប្រហារទាំងនេះតំណាងឱ្យការកើនឡើងដែលមិនអាចទទួលយកបាន ដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃតំបន់។
ដោយកត់សម្គាល់ថា កាតាបានអំពាវនាវយ៉ាងជាប់លាប់ឱ្យមានកិច្ចសន្ទនានោះ ក្រសួងបានសង្កត់ធ្ងន់ថា ការកំណត់គោលដៅម្តងហើយម្តងទៀតលើទឹកដីកាតា គឺមិនស្របនឹងគោលការណ៍នៃភាពជាអ្នកជិតខាងល្អទេ ហើយបានបន្ថែមថា វាគ្មានយុត្តិកម្ម ឬលេសណាមួយនឹងត្រូវបានទទួលយកឡើយ។
ក្រសួងបាននិយាយថា ការកំណត់គោលដៅឡើងវិញនេះ ធ្វើឱ្យប៉ះពាល់ដល់ការយល់ដឹងជាមូលដ្ឋានដែលទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកសាងឡើង៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





