គុយវ៉ែតថ្កោលទោសការវាយប្រហារលើទឹកដីរបស់ខ្លួន និងអះអាងសិទ្ធិពេញលេញក្នុងការការពារខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងការបរទេសគុយវ៉ែតនៅថ្ងៃសៅរ៍នេះ បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើទឹកដីរបស់ខ្លួន ដោយពណ៌នាថា វាជាការរំលោភបំពានយ៉ាងជាក់ស្តែងលើអធិបតេយ្យភាព ដែនអាកាស ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគណនីផ្លូវការរបស់ខ្លួននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច ក្រសួងបាននិយាយថាគុយវ៉ែតថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានកំណត់គោលដៅលើទឹកដីគុយវ៉ែតនៅព្រឹកថ្ងៃសៅរ៍នេះ ដោយបានហៅវាថា ជាការរំលោភបំពានយ៉ាងច្បាស់លាស់លើអធិបតេយ្យភាព និងដែនអាកាសរបស់ប្រទេស ក៏ដូចជាច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រសួងបានបញ្ជាក់ពីសិទ្ធិពេញលេញក្នុងការការពារខ្លួនរបស់គុយវ៉ែតដោយបានសង្កត់ធ្ងន់ថា គុយវ៉ែតរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់។
ក្រសួងបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់គុយវ៉ែតបានស្ទាក់ចាប់ការវាយប្រហារដោយជោគជ័យ ដោយបានព្រមានថា ការបន្តនៃការកើនឡើងយោធាបែបនេះនៅក្នុងតំបន់នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់។
សំឡេងផ្ទុះជាច្រើនត្រូវបានឮនៅម៉ោងប្រហែលថ្ងៃត្រង់នៅក្នុងប្រទេសគុយវ៉ែត ខណៈដែលសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងនៅទូទាំងប្រទេស។ ក្រសួងមហាផ្ទៃគុយវ៉ែត បានជំរុញឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ និងតាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការសម្រាប់ការណែនាំនៃការការពារជនស៊ីវិលទាក់ទងនឹងស្ថានភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





