អ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាម៉េរិកនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនលើកច្រើនសារទៅលើមូលដ្ឋានយោធាអាម៉េរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងមូលដ្ឋាននៅក្នុងប្រទេសគុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា និងបារ៉ែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃសៅរ៍នេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) បាននិយាយថា មូលដ្ឋានយោធាអាម៉េរិកទាំងអស់នៅក្នុងតំបន់ឥឡូវនេះ ត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់របស់យោធាអ៊ីរ៉ង់។
នៅក្នុងប្រទេសបារ៉ែន ការវាយប្រហារដោយមីស៊ីលបានវាយប្រហារមជ្ឈមណ្ឌលសេវាកម្មមួយដែលជាកម្មសិទ្ធិរបស់កងនាវាទីប្រាំរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់មជ្ឈមណ្ឌលទំនាក់ទំនងជាតិបារ៉ែន។
សំឡេងផ្ទុះក៏ត្រូវបានគេឮផងដែរនៅកណ្តាលទីក្រុងដូហា និងនៅជិតមូលដ្ឋានយោធា Al-Udeid ដែលជាមូលដ្ឋានយោធាអាម៉េរិកធំជាងគេនៅក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីព្រឹកថ្ងៃសៅរ៍នេះថា កងកម្លាំងអាម៉េរិកកំពុងធ្វើការវាយប្រហារដ៏ធំ និងកំពុងបន្តទៅលើអ៊ីរ៉ង់ ដើម្បីបំផ្លាញមីស៊ីលរបស់ពួកគេ និងបំផ្លាញឧស្សាហកម្មមីស៊ីលរបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





