អ៊ីស្រាអែលនិយាយថា ខ្លួមមិនបានច្រានចោលការកំណត់គោលដៅទៅលើមេដឹកនាំកំពូលអ៊ីរ៉ងនៅក្នុងការវាយប្រហារថ្មីៗនេះទេ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- អ៊ីស្រាអែលបាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងមិនច្រានចោលចំពោះការវាយប្រហារតាមអាកាសថ្មីៗនេះដែលកំណត់គោលដៅទៅលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) ទេ។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរផ្សព្វផ្សាយអ៊ីស្រាអែល។
អ៊ីស្រាអែលបានបើកការវាយប្រហារពីរលើកទៅលើទីក្រុងតេអេរ៉ង់រហូតមកដល់ថ្ងៃសៅរ៍នេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាការផ្ទុះដែលបណ្តាលមកពីការវាយប្រហារតាមអាកាសត្រូវបានគេឮនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុងតេអេរ៉ង់ ជុំវិញតំបន់ការិយាល័យរបស់លោក អាលី ខាមេណី ដោយបានបន្ថែមថា មេដឹកនាំកំពូលរូបនេះមិននៅក្នុងទីក្រុងតេអេរ៉ង់ទេ ហើយត្រូវបានផ្លាស់ទៅទៅកាន់ទីតាំងមានសុវត្ថិភាព។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់ប្រភពអ៊ីស្រាអែល ដែលបាននិយាយថា សមាជិកទាំងអស់នៃថ្នាក់ដឹកនាំអ៊ីរ៉ង់ គឺជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ដំណាក់កាលដំបូងនៃការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នឹងមានរយៈពេលបួនថ្ងៃ។
ការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើមដោយការវាយប្រហារកណ្តាលទីក្រុងតេអេរ៉ង់ ដោយមានការផ្ទុះនិងផ្សែងជាច្រើនត្រូវបានមើលឃើញដោយអ្នកស្រុកក្នុងតំបន់។
ការផ្ទុះជាច្រើនក៏ត្រូវបានគេឮផងដែរនៅភាគខាងលិចនៃរដ្ឋធានីដោយអាកាសយានដ្ឋានអន្តរជាតិ Mehrabad ត្រូវបានវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បានប្រកាសបិទដែនអាកាសរបស់ប្រទេស។
ភាគីអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ គឺជាប្រតិបត្តិការរួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការរាយការណ៍របស់កាសែត The New York Times ដោយដកស្រង់សម្តីមន្ត្រីអាម៉េរិកម្នាក់។
សកម្មភាពយោធារបស់សហរដ្ឋអាមេរិកត្រូវបានបញ្ជាក់នៅពេលក្រោយដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលបាននិយាយថា យោធាអាម៉េរិកបានចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធដ៏ធំនៅក្នុងប្រទេសអ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





