សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារដ៏ធំប្រឆាំងនឹងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើម «ប្រតិបត្តិការប្រយុទ្ធដ៏សំខាន់»ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវកាលពីពេលថ្មីៗនេះបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចៀសវិបត្តិនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិកបានចាប់ផ្តើម«ប្រតិបត្តិការប្រយុទ្ធដ៏សំខាន់» នៅក្នុងប្រទេសអ៊ីរ៉ង់។
លោក ត្រាំ បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «គោលបំណងរបស់យើង គឺដើម្បីការពារប្រជាជនអាម៉េរិក ដោយលុបបំបាត់ការគំរាមកំហែងដែលខិតជិតមកដល់ពីអ៊ីរ៉ង់»។
លោក ត្រាំ បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេហើយសហរដ្ឋអាមេរិកមានគម្រោងបំផ្លាញមីស៊ីលរបស់អ៊ីរ៉ង់ និងបំផ្លាញឧស្សាហកម្មមីស៊ីលរបស់អ៊ីរង់ឱ្យអស់ពីដី។
កាលពីព្រឹកថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះបានចាប់ផ្តើមការវាយប្រហារ«ជាមុន» ប្រឆាំងនឹងអ៊ីរ៉ង់ «ដើម្បីលុបបំបាត់ការគំរាមកំហែងដល់អ៊ីស្រាអែល»។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថាការវាយប្រហារជាក់ស្តែងនៅទីក្រុងតេអេរ៉ង់ បានកើតឡើងនៅជិតការិយាល័យរបស់មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei)។ មីស៊ីលជាច្រើនគ្រាប់ក៏បានវាយប្រហារផ្លូវសាកលវិទ្យាល័យ តំបន់ចុមហូរី និងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងតេអេរ៉ង់។ ការផ្ទុះជាច្រើនក៏ត្រូវបានគេឮផងដែរនៅក្នុងទីក្រុងអ៊ីរ៉ង់ ដែលរួមទាំងតំបន់អ៊ីស្ហ្វាហាន កូម ការ៉ាច ឃើម៉ាន់សា និងអ៊ីឡាំ។
អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួន ខណៈដែលការវាយប្រហារកំពុងបន្ត។ សេវាទូរស័ព្ទចល័តត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់មួយចំនួននៃទីក្រុងតេអេរ៉ង់។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោកអ៊ីស្រាអែល ឃែតហ្ស៍ (Israel Katz) បានប្រកាសពីភាពអាសន្នពិសេសនិងបន្ទាន់នៅគ្រប់តំបន់ទាំងអស់នៃប្រទេសអ៊ីស្រាអែល។ សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល ដើម្បីព្រមានសាធារណជនឱ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការសងសឹករបស់អ៊ីរ៉ង់។ ដែនអាកាសអ៊ីស្រាអែលត្រូវបានបិទសម្រាប់ជើងហោះហើរស៊ីវិល។ នេះបើយោងតាមអាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែល។
ក្រសួងការពារជាតិអ៊ីស្រាអែលបានព្រមានថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ីស្រាអែល និងប្រជាជនស៊ីវិលរបស់ខ្លួន ត្រូវបានគេរំពឹងទុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានហាមឃាត់សកម្មភាពអប់រំ ការជួបជុំសាធារណៈ និងការចូលរួមក្នុងកន្លែងធ្វើការ ដោយអនុញ្ញាតឱ្យមានករណីលើកលែងសម្រាប់សេវាកម្មសំខាន់ៗ។
ការហោះឡើង និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion នៅជិតទីក្រុងតែលអាវីវ ត្រូវបានផ្អាក ហើយអ្នកដំណើរត្រូវបានណែនាំមិនឱ្យទៅកាន់អាកាសយានដ្ឋាននោះទេ។ នេះបើយោងតាមអាជ្ញាធរអាកាសយានដ្ឋាន។
ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់នៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងកើនឡើងយ៉ាងខ្លាំង ចំពេលដែលមានការកសាងយោធាយ៉ាងច្រើនរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា និងកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





